ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) បានច្រានចោលការរិះគន់ពីចិន និងរុស្ស៊ីជុំវិញ «ការធ្វើយោធូបនីកម្មឡើងវិញ» របស់ខ្លួន ដោយចាត់ទុកថា ជាការលើកឡើង «មិនឈរនៅលើមូលដ្ឋានការពិត»។
ប្រធានាធិបតីចិន Xi Jinping និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Vladimir Putin បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា ជប៉ុនកំពុងពន្លឿនការធ្វើយោធូបនីកម្មឡើងវិញ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក Putin បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសចិន នាថ្ងៃពុធ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo បានឲ្យដឹងថា អនុរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Masanao Ozaki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសជប៉ុនចង់ឲ្យចិន «ផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន» ជុំវិញបញ្ហានានា ដូចជាសកម្មភាពយោធារបស់ទីក្រុងប៉េកាំងជាដើម និងជំរុញឲ្យរុស្ស៊ី «បញ្ឈប់ការឈ្លានពានរបស់ខ្លួនទៅលើអ៊ុយក្រែន»។.

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់ជប៉ុនជាមួយចិន បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីមានការលើកឡើងរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកាឆ្នាំមុន ដែលថា ការប្រើប្រាស់កម្លាំងដែលអាចកើតមានរបស់ចិន លើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តបំបែកខ្លួននោះ អាចបង្កើតជាស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត សម្រាប់ជប៉ុន ដែលប្រទេសនេះអាចអនុវត្តសិទ្ធិការពារខ្លួនរួមគ្នា៕
