នៅទីក្រុង Depok ស្ថិតក្នុងខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ី សត្វគោក្របី ត្រូវបានគេចងនៅក្នុងទ្រុងដែលមានសត្វយ៉ាងច្រើន ត្រៀមនឹងលក់ចេញនៅលើទីផ្សារបសុសត្វប្រចាំឆ្នាំរបស់ឥណ្ឌូនេស៊ី មុនពិធីបុណ្យ Eid al-Adha ។
ទោះបីជាយ៉ាងណាក៏ដោយ ឈ្មួញមើលឃើញចំនួនធ្លាក់ចុះនៃអតិថិជន ស្របពេលសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្តធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ខណៈប្រាក់រូពីឥណ្ឌូនេស៊ីចុះថ្លៃដល់កម្រិតទាបជាប់កំណត់ត្រានៅខែឧសភា ។
សម្ពាធសកល កំពុងធ្វើឲ្យតម្លៃបសុសត្វហក់ឡើងខ្ពស់ ខណៈតម្រូវការក្នុងស្រុកបង្ហាញសញ្ញាយឺតយ៉ាវ ។
ឈ្មួញដូចជារូបលោក Haji Romdoni ដែលទិញបសុសត្វរបស់លោកពីកន្លែងផ្សេង និយាយថា ដើមទុនទិញក្នុងខែឧសភា ខ្ពស់ជាងមុន បើធៀបនឹងកាលពីខែមករា ពីព្រោះថា ពួកគេរងផលប៉ះពាល់ដោយសារតម្លៃប្រាក់ដុល្លារ និងតម្លៃប្រេង ខណៈការទិញសត្វ ដើម្បីធ្វើពិធីបូជាយញ្ញធ្លាក់ចុះប្រហែល ៣០ភាគរយ ។
សម្រាប់អតិថិជនទិញសត្វក្របីដូចជារូបលោក Husnan Alman វិបត្តិសេដ្ឋកិច្ច ធ្វើឲ្យប៉ះពាល់ដល់អ្នកសម្រេចចិត្តទិញសត្វគោក្របីក្នុងឆ្នាំនេះ ធ្វើឲ្យការទិញមានការធ្លាក់ចុះ ស្របពេលដែលប្រេងឡើងថ្លៃ ហើយប្រាក់រូពីឥណ្ឌូនេស៊ីចុះខ្សោយ បើធៀបនឹងប្រាក់ដុល្លារ ។
សូមបញ្ជាក់ថា ប្រាក់រូពីឥណ្ឌូនេស៊ី បានធ្លាក់ថ្លៃដល់កម្រិតទាបជាប់កំណត់ត្រាកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បើទោះបីជាមានការអន្តរាគមន៍ពីធនាគារកណ្តាលក៏ដោយ ស្របពេលភាគហ៊ុនធ្លាក់ចុះ ហើយតម្លៃប្រេងសកល ហក់ឡើងខ្ពស់ ដល់កម្រិតខ្ពស់ក្នុងរយៈពេល ២សប្តាហ៍ ថ្វីបើលោកប្រធានាធិបតី Prabowo Subianto បន្ទាបផលប៉ះពាល់ពីការធ្លាក់ថ្លៃប្រាក់រូពី លើពលរដ្ឋក៏ដោយ ៕

