អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងមូស្គូមានការព្រួយបារម្ភជាខ្លាំងចំពោះ ការរីករាលដាលឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា ហើយពួកគេត្រៀមខ្លួនរួចរាល់ ក្នុងការជួយដោះស្រាយវិបត្តិមួយនេះ ។

អ្នកស្រីបន្តថា តាមសំណើរបស់ភាគីអ៊ូហ្គង់ដា ក្រុមគ្រូពេទ្យជំនាញមកពីសេវាកម្មសហព័ន្ធ Rospotrebnadzor នឹងត្រូវបញ្ជូនទៅកាន់ប្រទេសមួយនេះ នៅថ្ងៃទី ២៥ ខែឧសភា ដើម្បីបើកការស៊ើបអង្កេតរោគរាតត្បាត និងជួយដៃគូន ក្នុងការទប់ស្កាត់ជំងឺអេបូឡា ។
អ្នកស្រីនិយាយទៀតថា សម្រាប់គោលបំណងទាំងនេះ ការធ្វើតេស្តដែលត្រូវបានអភិវឌ្ឍនៅរុស្ស៊ីសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺនេះ នឹងត្រូវប្រើប្រាស់នៅក្នុងចំណោមមធ្យោបាយវេជ្ជសាស្រ្តផ្សេងទៀត ។
ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក(WHO)បាននិយាយកាលពីថ្ងៃពុធថា ពួកគេសង្ស័យថា ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោ និងអ៊ូហ្គង់ដា បានចាប់ផ្តើមតាំងពីរយៈពេល ២ខែមុនមកម្ល៉េះ ហើយការស៊ើបអង្កេត កំពុងធ្វើឡើង ដើម្បីកំណត់ពេលវេលានៃការចាប់ផ្តើមចម្លងជំងឺមួយនេះ ។
ការរីករាលដាលឆ្លងជំងឺអេបូឡា ត្រូវបានប្រកាសអាសន្នដោយក្រុមអ្នកជំនាញ ដោយសារវាអាចរីករាលដាលអស់រយៈពេលជាច្រើនសប្តាហ៍ដោយពុំបានរកឃើញ នៅតាមតំបន់មានមនុស្សរស់នៅច្រើនដែលញាំញីដោយសារអំពើហិង្សាប្រដាប់អាវុធ ។
សូមបញ្ជាក់ថា ការរីករាលដាលឆ្លងជំងឺអេបូឡានៅប្រទេសកុងហ្គោ ក្នុងតំបន់តែមួយ អំឡុងឆ្នាំ ២០១៨-២០២០ គឺជាការរីករាលដាលឆ្លងស្លាប់មនុស្សច្រើនបំផុតទី ២ ជាប់កំណត់ត្រា ពេលដែលជំងឺមួយនេះ បានសម្លាប់មនុស្សជិត ២.៣០០នាក់ ៕
