អនុរដ្ឋមន្រ្តីការបរទេសគុយបាលោក Carlos Fernandez de Cossio បានព្រមានថា រាល់វិធានការយោធាណាមួយរបស់សហរដ្ឋអាមេរិកលើក្រុមមន្រ្តីគុយបា ដែលចោទប្រកាន់ដោយទីក្រុងវ៉ាស៊ីនតោន នឹងឈានទៅរកការប្រឆាំងដ៏ខ្លាំងក្លាពីប្រជាពលរដ្ឋគុយបា ។

ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋ លោក Fernandez de Cossio បានចាត់ទុកការចោទប្រកាន់អតីតប្រធានាធិបតីលោក Raul Castro និងមន្រ្តីយោធា ៥នាក់របស់គុយបា ថាជាទង្វើផ្តើមចេញពីរឿងនយោបាយ ដោយគ្មានមូលដ្ឋានស្របច្បាប់ គ្មានមូលដ្ឋាននយោបាយ ឬគ្មានមូលដ្ឋានសីលធម៌ណាមួយនោះទេ ហើយវាគឺជាផ្នែកមួយដែលរូបលោកចាត់ទុកថា ជាសកម្មភាពកើនឡើងរីកកាន់តែធំរបស់សហរដ្ឋអាមេរិក ក្នុងការប្រឆាំងប្រទេសកោះមួយនេះ ។
លោកនិយាយថា ប្រវត្តិរបស់ទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់ការចោទប្រកាន់ព្រហ្មទណ្ឌ ដើម្បីធ្វើឲ្យសកម្មភាពយោធារបស់ពួកគេត្រឹមត្រូវស្របច្បាប់ ប្រឆាំងនឹងរដ្ឋអធិបតេយ្យភាព បានធ្វើឲ្យការចោទប្រកាន់នេះ មានការព្រួយបារម្ភកាន់តែខ្លាំង ហើយក្រុមមន្រ្តីគុយបា រងការចោទប្រកាន់ បានធ្វើការ ស្របតាមកាតព្វកិច្ចរបស់ពួកគេ ដើម្បីការពារដែនអាកាសប្រទេសរបស់ពួកគេ ។
គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិកបានចេញការចោទប្រកាន់ព្រហ្មទណ្ឌសហព័ន្ធប្រឆាំងនឹងលោក Raúl Castro និងមនុស្ស ៥នាក់ ផ្សេងទៀត ដែលជាការកើនឡើងភាពតានតឹងគួរឲ្យកត់សម្គាល់នៃយុទ្ធនាការរបស់រដ្ឋបាលលោក Donald Trump ក្នុងការផ្តួលរំលំរបបកុម្មុយនិស្តអាយុកាល ៦ ទសវត្សរ៍របស់ប្រទេសមួយនេះ ។
លោក Castro វ័យ ៩៤ ឆ្នាំ ត្រូវបានចោទប្រកាន់ដោយតុលាការសហព័ន្ធ នៅក្នុងទីក្រុង Miami រដ្ឋ Florida ពីបទឃុបឃិតគ្នាសម្លាប់ពលរដ្ឋអាមេរិក ឃាតកម្មចំនួន ៤ករណី និងបំផ្លាញយន្តហោះចំនួន ២ករណី ៕
