ក្រសួងការបរទេសចិនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នឹងបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ ដើម្បីពិភាក្សាពីបញ្ហានានា តែមិនបានបញ្ជាក់នោះឡើយថា តើសង្គ្រាមនៅអ៊ីរ៉ង់នឹងត្រូវបានលើកយកមកជជែកដែរ ឬយ៉ាងណា។
ប្រទេសប៉ាគីស្ថាន និងចិន បានស្វែងរកការសម្របសម្រួល ក្នុងជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កិច្ចព្រមព្រៀងមានបទឈប់បាញ់ ចាប់តាំងពីថ្ងៃទី៨ ខែមេសា បានបញ្ឈប់អរិភាព ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃទី២០ ខែឧសភាថា ឱកាសសម្រាប់ការទូតកំពុងអស់បណ្ដើរៗហើយ។
នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា) នេះ អ្នកនាំពាក្យក្រសួងចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «មេដឹកនាំចិន និងប៉ាគីស្ថាន នឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលជាកង្វល់រួម»។
លោក Guo បានបន្ថែមថា ប្រទេសចិននឹងធ្វើការជាមួយប៉ាគីស្ថាន ដើម្បី «ធ្វើការរួមចំណែកជាវិជ្ជមានដល់ការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព នៅមជ្ឈិមបូព៌ា»។
គួរបញ្ជាក់ថា ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ទីក្រុងប៉េកាំងបានធ្វើជាម្ចាស់ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបអាមេរិក លោក Donald Trump និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin៕