សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាន់ជំហរផ្ទុយគ្នាកាលពីថ្ងៃព្រហស្បតិ៍ ២១ ឧសភា សប្ដាហ៍នេះ លើស្តុកអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់ និងការគ្រប់គ្រងនៅលើច្រកសមុទ្រហ័រមូស ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាមានសញ្ញាល្អមួយចំនួននៅក្នុងការចរចាក៏ដោយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងយកមកវិញនូវស្តុកអ៊ុយរ៉ានីញ៉ូមត្រូវបានចម្រាញ់រួចរបស់អ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនជឿថាត្រូវបានកំណត់ជោគវាសនាសម្រាប់អាវុធនុយក្លេអ៊ែរ ទោះបីជាទីក្រុងតេអេរ៉ង់ និយាយថាសារធាតុទាំងនោះ ត្រូវបានបម្រុងទុកសម្រាប់គោលបំណងសន្តិភាពសុទ្ធសាធក៏ដោយ។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា ពួកលោកនឹងទទួលបានសារធាតុទាំងនោះ។ ពួកលោកមិនត្រូវការសារធាតុនោះទេ ពួកលោកមិនចង់បានទេ។ពួកលោកប្រហែលជានឹងបំផ្លាញចោល បន្ទាប់ពីយកបាន ប៉ុន្តែពួកលោកនឹងមិនបណ្ដោយឱ្យពួកគេមានឡើយ។

លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណោះស្រាយការទូតនឹងមិនអាចអនុវត្តបានទេ ប្រសិនបើទីក្រុងតេអេរ៉ង់អនុវត្តប្រព័ន្ធគិតថ្លៃនៅច្រកសមុទ្រហ័រមូស។ ទោះយ៉ាងណា លោកបានបន្ថែមថា មានវឌ្ឍនភាពមួយចំនួននៅក្នុងការចរចា។
លោក Rubio បាននិយាយថា មានសញ្ញាល្អមួយចំនួន។ លោកមិនចង់មានសុទិដ្ឋិនិយមខ្លាំងពេកទេ ដូច្នេះ មានតែរង់ចាំមើលថាមានអ្វីកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ប្រភពព័ត៌មានជាន់ខ្ពស់របស់អ៊ីរ៉ង់បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ពុំទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ ប៉ុន្តែគម្លាតត្រូវបានបង្រួម ដោយបន្ថែមថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ និងការគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់លើច្រកសមុទ្រហ័រមូស នៅតែជាចំណុចជាប់គាំង៕