ដើម្បីបំពេញសេចក្ដីត្រូវការ និងសម្រួលដល់ការនៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំ ព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ជូនអំណោយដ៏ថ្លៃថ្លានូវអណ្ដូងទឹកចំនួន ១២៥ អណ្ដូង ដល់គ្រួសារអតីតយុទ្ធជន ដែលនេះគឺជាការយកចិត្តទុកដាក់ខ្ពស់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលជួបការខ្វះខាត។ អណ្ដូងទឹកចំនួន ១២៥ អណ្ដូង ត្រូវបានប្រគល់ជូន ក្នុងឱកាសពិធីសំណេះសំណាល និងប្រគល់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។
សូមជម្រាបថា បច្ចុប្បន្នបងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ទទួលបានអណ្ដូងទឹកប្រើប្រាស់សឹងគ្រប់ខ្នងផ្ទះ ខណៈពីមុន អណ្ដូងទឹក ១ ត្រូវប្រើរួមគ្នា២គ្រួសារ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ ពេលនេះ អណ្ដូងទឹកសរុបចំនួន ៥៧៩អណ្ដូង ត្រូវប្រគល់ជូនបងប្អូនប្រើប្រាស់៕




