ប្រភពព័ត៌មានជាន់ខ្ពស់ពីររូបរបស់អ៊ីរ៉ង់បាននិយាយ មេដឹកនាំកំពូលអ៊ីរ៉ង់បានចេញសេចក្តីណែនាំមួយថា សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតជិតដល់ការផលិតអាវុធរបស់ប្រទេសនេះ ត្រូវតែនៅក្នុងកណ្ដាប់ដៃអ៊ីរ៉ង់ ហើយមិនគួរត្រូវបានបញ្ជូនទៅក្រៅប្រទេសឡើយ ដោយបានពង្រឹងជំហររបស់ទីក្រុងតេអេរ៉ង់លើការទាមទារចម្បងមួយរបស់សហរដ្ឋអាមេរិកក្នុងកិច្ចចរចាសន្តិភាព។

បទបញ្ជារបស់មេដឹកនាំកំពូលលោក Ayatollah Mojtaba Khamenei អាចធ្វើឱ្យប្រធានាធិបតីអាមេរិក Donald Trump ខកចិត្តបន្ថែមទៀត និងធ្វើឱ្យស្មុគស្មាញដល់កិច្ចចរចាលើការបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ 
លោក Trump បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់រួចក្នុងកម្រិតខ្ពស់របស់ខ្លួនឡើយ។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់មានគ្រាប់បែកនុយក្លេអ៊ែរជាដាច់ខាត។
ក្រុមមន្ត្រីអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Reuters ថា លោក Trump បានធានាដល់អ៊ីស្រាអែលថា ឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចរបស់អ៊ីរ៉ង់ ដែលត្រូវការដើម្បីផលិតអាវុធបរមាណូ នឹងត្រូវបានបញ្ជូនចេញពីអ៊ីរ៉ង់ ហើយកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែរួមបញ្ចូលចំណុចនេះ។

អ៊ីស្រាអែល សហរដ្ឋអាមេរិក និងរដ្ឋលោកខាងលិចដទៃទៀត បានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថា កំពុងស្វែងរកអាវុធនុយក្លេអ៊ែរ រួមទាំងការចង្អុលបង្ហាញពីសកម្មភាពរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យដល់កម្រិត ៦០% ដែលខ្ពស់ជាងតម្រូវការសម្រាប់ការប្រើប្រាស់ស៊ីវិល និងជិតដល់៩០% ដែលត្រូវការសម្រាប់ក្រាប់បែកនុយក្លេអ៊ែរ។ អ៊ីរ៉ង់បដិសេធដែលថា ខ្លួនកំពុងស្វែងរកអាវុធនុយក្លេអ៊ែរ៕