យោងតាមសាក្សី និងមន្ត្រីរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ហ្វូងមនុស្សបានដុតតង់ធ្វើចត្តាឡីស័កជំងឺអេបូឡា ហើយបានវាយប្រហារនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Rwampara ភាគឦសានប្រទេសកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា បន្ទាប់ពីជម្លោះមួយបានផ្ទុះឡើងជុំវិញការបញ្ចុះសពបុរសម្នាក់ដែលសង្ស័យថាស្លាប់ដោយសារជំងឺអេបូឡា។

អំពើហិង្សានេះ បានកើតឡើងនៅពេលដែលអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងជំងឺអេបូឡាចុងក្រោយនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលអង្គការសុខភាពពិភពលោក(WHO) បាននិយាយថា មានករណីសង្ស័យចំនួន៦០០ករណី និងអ្នកស្លាប់ចំនួន១៣៩នាក់ដែលសង្ស័យថាជាប់ទាក់ទងនឹងវីរុសនេះនៅក្នុងប្រទេសកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា។

មន្ត្រីសុខាភិបាលនិយាយថា ការបញ្ចុះសពដោយសុវត្ថិភាពគឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺនេះ ព្រោះជំងឺអេបូឡា អាចរីករាលដាលតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសាកសពជនរងគ្រោះដែលឆ្លងជំងឺ។
សាក្សី បាននិយាយថា ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យ Rwampara ដោយទាមទារយកសាកសពបុរសម្នាក់ឈ្មោះ Elie មុនពេលភាពតានតឹងកើនឡើងក្លាយជាអំពើហិង្សា។
សារព័ត៌មាន Reuters បានឃើញសំណល់តង់ឆេះដែលធ្លាប់ត្រូវបានប្រើជាមជ្ឈមណ្ឌលធ្វើចត្តាឡីស័កជំងឺអេបូឡា ខណៈមន្ត្រីនគរបាលបានពិនិត្យការខូចខាត និងពិពណ៌នាអំពីហេតុការណ៍ដែលរថយន្តគិលានសង្គ្រោះ ត្រូវបានវាយប្រហារ។