ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) បានតភ្ជាប់កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ជាមួយក្រុមហ៊ុន បណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard និង VISA ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា ដោយផ្តល់លទ្ធភាពក្នុងការស្កេន KHQR ទូទាត់បែបឌីជីថលបានងាយស្រួលដូចប្រជាជនក្នុងស្រុក។ ជាក់ស្តែង ភ្ញៀវទេសចរបរទេសមកដើរលេងនៅផ្សារធំថ្មីក្នុងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ប្រើប្រាស់ កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ដើម្បីទូទាត់ទំនិញ និងសេវាកម្មតាមប្រព័ន្ធឌីជីថល ដែលមានភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

កម្មវិធី Bakong Tourists គឺជាកម្មវិធីទូទាត់ប្រាក់ឌីជីថល ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) ដែលអនុញ្ញាតឱ្យអ្នកទេសចរអន្តរជាតិស្កេនបង់ប្រាក់នៅតាមទីតាំងលក់រាយរាប់លានកន្លែងទូទាំងប្រទេសកម្ពុជា ដោយលុបបំបាត់តម្រូវការយកសាច់ប្រាក់ ឬការប្តូរប្រាក់ សម្រាប់ភ្ញៀវទេសចរ។

ភ្ញៀវទេសចរបរទេសដែលមកពីប្រទេស អេស្បាញ់ និងអូស្ត្រាលី បានមកដើរកម្សាន្ត និងទិញទំនិញនៅផ្សារធំថ្មី រាជធានីភ្នំពេញ បានផ្តល់បទសម្ភាសន៍ជាមួយ BTV ថា ជាធម្មតា ពួកគេបានបង់ប្រាក់ជាសាច់ប្រាក់សុទ្ធទៅកាន់អាជីវករ និងពេលខ្លះគឺបង់ប្រាក់តាមរយៈការឆូតកាត់។ នៅពេលណែនាំអំពីការប្រើប្រាស់កម្មវិធី Bakong Tourists គឺពួកគេបានចាប់អារម្មណ៍ជាខ្លាំង ដោយពួកគេនឹងសាងល្បងប្រើប្រាស់កម្មវិធីនេះ ដើម្បីងាយស្រួលដល់ការទូទាត់របស់ពួកគេក្នុងអំឡុងពេលដំណើរកម្សាន្តនៅកម្ពុជា។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានរួមចំណែកលើកស្ទួយវិស័យ ទេសចរណ៍នៅកម្ពុជា ដោយបានដាក់ឱ្យដំណើរការជាបឋមកម្មវិធីទូទាត់បាគងទេចរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយភ្ញៀវទេសចរដែលមកកម្ពុជា អាចទាញយកកម្មវីធីបាគងទេសចរ និង ភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិ ដូចជា Mastercard និង VISA ដើម្បីទូទាត់ទំនិញនិងសេវាផ្សេងៗ ជាមួយ KHQR របស់ពាណិជ្ជករទូទាំងប្រទេសកម្ពុជាប្រកបដោយភាពងាយស្រួល និង សុវត្ថិភាពខ្ពស់។

ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែនផ្លូវការ និងជំរុញការទូទាត់ឌីជីថល ក្នុងគោលបំណងរួមចំណែកជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនទ្វេភាគីតាម ហ្សូអរកួត (QR) ជាមួយប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង ចិន ជប៉ុន និងសិង្ហបុរី ហើយគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនទ្វេភាគីជាមួយប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ និងបានចុះអនុស្សរណៈយោគយល់ជាមួយឥណ្ឌូណេស៊ី ព្រមទាំង កំពុងពិភាក្សាតភ្ជាប់ការទូទាត់ឆ្លងដែន ជាមួយប្រទេសហ្វីលីពីនផងដែរ៕ អត្ថបទ៖ ធូ វិរៈ

