រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងជួបជាមួយសម្ព័ន្ធយោធាណាតូ នៅថ្ងៃសុក្រនេះ ជាលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បានហៅសម្ព័ន្ធមិត្តនេះមកសួរដេញដោល ដោយសារតែការបែកបាក់គ្នាលើសង្គ្រាមអ៊ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីផែនការដកកងទ័ពចំនួន ៥.000 នាក់ ចេញពីអឺរ៉ុប។ មុនពេលចាកចេញទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ណាតូ នៅប្រទេសស៊ុយអែត លោក Rubio បាននិយាយថា លោក ត្រាំ «ខកចិត្តយ៉ាងខ្លាំង» ចំពោះសមាជិកសម្ព័ន្ធមិត្ត ដែលមិនបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ពួកគេសម្រាប់សង្គ្រាម ដោយបានចង្អុលបង្ហាញជាពិសេសប្រទេសអេស្ប៉ាញ។

លោក Rubio បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Miami ថា៖«អ្នកមានប្រទេសដូចជាអេស្ប៉ាញដែលបដិសេធយើងមិនឲ្យប្រើប្រាស់មូលដ្ឋានទ័ពទាំងនេះ ដូច្នេះហេតុអ្វីបានជាអ្នកនៅក្នុងអង្គការណាតូ? នេះគឺជាសំណួរដ៏យុត្តិធម៌មួយ»។ «និយាយដោយស្មោះត្រង់ទៅ ប្រទេសដទៃទៀតនៅក្នុងណាតូ បានជួយគ្នាទៅវិញទៅមកយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែយើងត្រូវពិភាក្សាអំពីរឿងនោះ»។

លោក ត្រាំ បានរិះគន់យ៉ាងធ្ងន់ៗចំពោះសមាជិកណាតូជុំវិញការមិនធ្វើអ្វីបន្ថែមទៀត ដើម្បីជួយយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោកបាននិយាយថា លោកកំពុងពិចារណាដកខ្លួនចេញពីសម្ព័ន្ធយោធានេះ ហើយបានសួរថាតើទីក្រុងវ៉ាស៊ីនតោន ត្រូវគោរពកតិកាសញ្ញាការពារជាតិទៅវិញទៅមករបស់ខ្លួនដែរឬយ៉ាងណា។
មន្ត្រីណាតូបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនបានស្នើសុំឲ្យសម្ព័ន្ធយោធាដែលមានសមាជិក ៣២ ប្រទេសចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ទេ ប៉ុន្តែសមាជិកជាច្រើនបានគោរពការប្តេជ្ញាចិត្តក្នុងការអនុញ្ញាតឲ្យកងកម្លាំងអាមេរិកប្រើប្រាស់ដែនអាកាស និងមូលដ្ឋានរបស់ពួកគេ នៅលើទឹកដីរបស់ពួកគេ៕
