មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឥណ្ឌាចង់ធានាការប្រគល់ត្រឡប់មកវិញនូវនាវារបស់ខ្លួនដែលជាប់គាំងនៅក្នុងឈូងសមុទ្រ មុនពេលបញ្ជូននាវាណាមួយត្រឡប់ទៅដឹកប្រេង វិញ។

លោក Mukesh Mangal មន្ត្រីជាន់ខ្ពស់នៅក្រសួងកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹករបស់ឥណ្ឌា បាននិយាយថា៖«ទិភាពរបស់យើង គឺត្រូវយកនាវាទាំងអស់របស់យើងចេញពីច្រកសមុទ្រហ័រមូស»។
លោកបានបន្ថែមថា ឥណ្ឌានឹងបញ្ជូននាវាទៅកាន់ភាគខាងលិចនៃច្រកសមុទ្រហ័រមូស «នៅពេលណាដែលស្ថានភាពអំណោយផល»។

លោក Mangal បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រសួងដឹកជញ្ជូនរបស់ឥណ្ឌា កំពុងសម្របសម្រួលជាមួយក្រសួងការបរទេស ហើយការសម្រេចចិត្តលើការបញ្ជូននាវាត្រឡប់ទៅវិញ នឹងត្រូវធ្វើឡើងបន្ទាប់ពីនាវាដែលជាប់គាំងទាំងអស់ ត្រូវបានប្រគល់មកវិញ។
លោកបាននិយាយថា នាវាដែលមានទង់ជាតិឥណ្ឌាចំនួន ១៣គ្រឿង និងនាវាដែលជាកម្មសិទ្ធិរបស់ឥណ្ឌាមួយគ្រឿងនៅតែជាប់គាំង នៅផ្នែកខាងលិចនៃច្រកសមុទ្រនេះ។
នាវាចំនួន ១៣គ្រឿង ដែលផ្ទុកទំនិញថាមពល ភាគច្រើនជាឧស្ម័នប្រេងរាវ (LPG) រហូតមកដល់ពេលនេះ បានធ្វើដំណើរចេញពីច្រកសមុទ្រនេះ ចាប់តាំងពីការបិទទ្វារដោយសារតែជម្លោះ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ៕