ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឈូងសមុទ្រ នៅក្នុងលិខិតមួយផ្ញើថ្វាយ ព្រះមហាក្សត្រ Hamad bin Isa Al-Khalifa នៃប្រទេសបារ៉ែន។

មេដឹកនាំអាមេរិករូបនេះក៏បានសម្តែងការកោតសរសើរចំពោះឯកភាពជាតិរបស់ប្រទេសបារ៉ែន ក្នុងការឆ្លើយតបទៅនឹងការរំលោភច្បាប់អន្តរជាតិរបស់អ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារ៉ែន។
កងទ័ពការពារដែនអាកាសរបស់ប្រទេសបារ៉ែន បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលបាលីស្ទីកយ៉ាងហោចណាស់ ១៨៨គ្រាប់ និងយានដ្រូនចំនួន ៤៧៧ គ្រឿង ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងរបបទីក្រុងតេអេរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។
ប្រទេសបារ៉ែន ដែលជាទីតាំងនៃទីបញ្ជាការកណ្តាលកងទ័ពជើងទឹក និងកងនាវាចរណ៍ទី ៥ របស់សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលត្រូវបានកំណត់គោលដៅដោយអ៊ីរ៉ង់ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះ មិនបានចូលរួមក្នុងប្រតិបត្តិការដោយផ្ទាល់ដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងតេអេរ៉ង់នោះទេ៕