លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) បានសន្យាថា នៅទីបំផុត សហរដ្ឋអាមេរិកនឹងយកស្ដុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយកម្រិតខ្ពស់របស់អ៊ីរ៉ង់ បើទោះបីជាទីក្រុងតេអេរ៉ង់ និយាយថា ខ្លួននឹងមិនព្រមប្រគល់ឲ្យក៏ដោយ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា៖ «យើងនឹងយកវា (អ៊ុយរ៉ានីញ៉ូម) បាន។ យើងមិនត្រូវការវាទេ យើងមិនចង់បានវាទេ។ យើងប្រហែលជានឹងបំផ្លាញវាចោលបន្ទាប់ពីយើងយកវាបាន ប៉ុន្តែយើងនឹងមិនបណ្ដោយឲ្យពួកគេមានវាទេ»។

សាធារណរដ្ឋឥស្លាមត្រូវបានគេជឿថា មានសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ប្រហែល ៩០០ផោន (ជាង ៤០០គីឡូក្រាម) ដែលលោក Trump និយាយថា ត្រូវបានកប់ដោយសារការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីជិត ១ឆ្នាំមុន។
ការទាញយកសារធាតុនេះ គឺជាផ្នែកមួយនៃគោលបំណងដ៏សំខាន់របស់លោក Trump ក្នុងសង្គ្រាមរបស់លោក លើអ៊ីរ៉ង់ ដែលទីក្រុងតេអេរ៉ង់ នឹងមិនត្រូវបានអនុញ្ញាតឲ្យផលិតអាវុធនុយក្លេអ៊ែរឡើយ។ យ៉ាងណាក្ដី ប្រភពជាន់ខ្ពស់អ៊ីរ៉ង់ ២រូប បានប្រាប់សារព័ត៌មាន Reuters ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានចេញសេចក្តីណែនាំថា សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតជិតផលិតអាវុធបានរបស់ប្រទេស មិនគួរត្រូវបានបញ្ជូនទៅបរទេសនោះទេ។
នៅថ្ងៃព្រហស្បតិ៍នោះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ប្រមុខកងទ័ពប៉ាគីស្ថានទៅកាន់ប្រទេសអ៊ីរ៉ង់ នឹងជួយជំរុញដំណើរការការទូត ស្ដីពីការបញ្ចប់សង្គ្រាម ដោយនិយាយថា វឌ្ឍនភាពកំពុងកើតមាន៕

