នៅថ្ងៃសុក្រនេះ វិមានក្រឹមឡាំង បានចោទប្រកាន់អ៊ុយក្រែនថា បានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោឃៅ បន្ទាប់ពីក្រុមមន្រ្តីរុស្ស៊ីនិយាយថា ការវាយប្រហារយានដ្រូនអ៊ុយក្រែនកាលពីយប់កន្លងទៅលើមហាវិទ្យាល័យនៅតំបន់ Luhansk បានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ និងក្មេងៗ ៣៥នាក់ផ្សេងទៀត បានរងរបួស ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យភ្លាមៗបានឡើយចំពោះអ្វីដែលបានកើតឡើង ហើយក៏ពុំមានការអត្ថាធិប្បាយភ្លាមៗនោះដែរពីអ៊ុយក្រែនដែលកំពុងព្យាយាមប្រយុទ្ធ ដើម្បីយកតំបន់ Luhanskមកវិញ ជាតំបន់មួយ ក្នុងចំណោមតំបន់ទាំង ៤ ដែលរុស្ស៊ីបានប្រកាសជាឯកតោភាគី ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០២២ ។

ស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី លោកស្រី Yana Lantratova បាននិយាយថា យុវជន-យុវតី ៨៦នាក់ ដែលមានអាយុចន្លោះពី ១៤ ទៅ ១៨ឆ្នាំ បានសម្រាកនៅក្នុងមហាវិទ្យាល័យ Starobilsk នៃសាកលវិទ្យាល័យគរុកោសល្យ Luhansk នៅពេលដែលយានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារសាលានោះ។
លោកស្រី Lantratova បន្តថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានធ្វើការវាយប្រហារ ដោយកំណត់គោលដៅលើក្មេងៗដែលកំពុងដេកលក់ ។
រូបថតសន្លឹក និងរូបភាពវីដេអូឃ្លីប ដែលចេញផ្សាយដោយអាជ្ញាធររុស្ស៊ី ឃើញក្រុមជួយសង្គ្រោះកំពុងសែងបុរសម្នាក់ចេញពីកន្លែងគំនរបាក់បែក អគាររងខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានអគារមួយ ក្នុងចំណោមអគារទាំងនោះ បានដួលរលំដោយផ្នែក ហើយភ្លើងនៅតែបន្តឆាបឆេះ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃសុក្រនេះថា អ្នកនៅពីក្រោយ ត្រូវតែយកមកកាត់ទោស ៕
