ខណៈពេលដែលប៉ាគីស្ថានបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីនាំទស្សនៈឲ្យកាន់តែកៀកគ្នា និងបង្រួមគម្លាត រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ជាថ្មីម្តងទៀត នៅទីក្រុងតេអេរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះថា ជំនួបនេះបានពិភាក្សាអំពីវិធី ដើម្បីពិនិត្យមើលសំណើដែលមានគោលបំណងដោះស្រាយការខ្វែងគំនិតគ្នា រវាងភាគីអ៊ីរ៉ង់ និងអាមេរិក ពោលគឺ ២ថ្ងៃបន្ទាប់ពីលោក Naqvi បានផ្ញើសារចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកទៅកាន់អ៊ីរ៉ង់។
កិច្ចប្រជុំនេះបានកើតឡើង ខណៈដែលមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir ត្រូវបានគេរំពឹងថា នឹងទៅទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ប្រសិនបើមានការទម្លាយភាពទាល់ច្រកដែលមិនទាន់បានកើតឡើងនៅឡើយទេ។
វាក៏បានកើតឡើងផងដែរ នៅពេលដែលប្រភពបានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya ថា ជម្លោះ រវាងភាគីទាំង២ នៅតែផ្តោតលើបញ្ហានៃការផ្ទេរសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយកម្រិតខ្ពស់ ចេញពីអ៊ីរ៉ង់ និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz។
សហរដ្ឋអាមេរិកបានទទូចមិនទួលយកការរៀបចំណាមួយដែលនឹងរក្សាសារធាតុអ៊ុយរ៉ានីញ៉ូម នៅខាងក្នុងប្រទេសអ៊ីរ៉ង់ ឬអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់ដាក់ការគ្រប់គ្រងណាមួយលើច្រកសមុទ្រ Hormuz ដែល១ភាគ៥ នៃការដឹកជញ្ជូនប្រេង និងឧស្ម័នសកលឆ្លងកាត់តាមរយៈនោះ៕