
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃសុក្រ ទី ២២ ខែឧសភា បានបញ្ជាឱ្យយោធារបស់លោក ត្រៀមជម្រើសដើម្បីសងសឹកលើអ៊ុយក្រែនចំពោះអ្វីដែលលោកបានពិពណ៌នាថាជាការវាយប្រហារដោយយានដ្រូនទៅលើអន្តេវាសិកដ្ឋាននិស្សិត ដែលបានសម្លាប់មនុស្ស៦នាក់ និងរងរបួសរាប់សិបនាក់ ហើយមនុស្ស ១៥ នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។
លោកPutin បាននិយាយថា ការវាយប្រហារនេះបានធ្លាក់លើអន្តេវាសិកដ្ឋាននៅតំបន់ Starobilsk ទីក្រុង Luhansk ជាតំបន់គ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ លោកនិយាយថា យោធារបស់ទីក្រុងគីវ ប្រហែលជាដឹងពីអ្វីដែលខ្លួនកំពុងកំណត់គោលដៅ។ ប៉ុន្តែយោធាអ៊ុយក្រែនបានបដិសេធការចោទប្រកាន់របស់រុស្ស៊ី និងបាននិយាយថា ខ្លួនបានវាយប្រហារលើអង្គភាពទីបញ្ជាការយានដ្រូនមួយកន្លែងនៅក្នុងតំបន់នោះ។ យោធានិយាយថា ទីក្រុងគីវ គោរពទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។

លោកPutin នៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់លោកដែលត្រូវបានផ្សាយដោយទូរទស្សន៍រដ្ឋបានលើកឡើងថា ពុំមានគោលដៅយោធានៅជិតអន្តេវាសិកដ្ឋាននោះទេ។ «មិនមានមូលដ្ឋានយោធា មូលដ្ឋានសេវាស៊ើបការណ៍សម្ងាត់ ឬអង្គភាពសេវាកម្មពាក់ព័ន្ធនៅក្នុងតំបន់ជុំវិញនោះទេ។ ដូច្នេះ គ្មានមូលដ្ឋានណាមួយដើម្បីអះអាងថា គ្រាប់រំសេវបានវាយប្រហារអគារនេះដោយសារតែប្រព័ន្ធការពារដែនអាកាស ឬប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់យើងនោះទេ។ ការវាយប្រហារនេះ ពុំមែនជារឿងចៃដន្យឡើយ។ លោកបាននិយាយបន្ថែមថា យោធារុស្ស៊ីត្រូវបានត្រូវបញ្ជាឱ្យត្រៀមជម្រើសសម្រាប់ទីក្រុងមូស្គូដើម្បីសងសឹក។ ភាគីទាំងពីរ បដិសេធថាមិនបានកំណត់គោលដៅលើជនស៊ីវិលដោយចេតនានៅក្នុងសង្គ្រាមនោះទេ។