
សហភាពអឺរ៉ុបបាននិយាយថា ប្រទេសនៅក្នុងប្លុកសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា បានចាត់វិធានការឈានទៅរកការដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីរ៉ង់ និងអ្នកផ្សេងទៀតដែលទទួលខុសត្រូវចំពោះការបិទផ្លូវទឹកនៅច្រកសមុទ្រ Hormuz។ ទីក្រុងតេអេរ៉ង់ បានបិទផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ឧស្ម័ន និងប្រេងសកលយ៉ាងមានប្រសិទ្ធភាពក្នុងការសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ដែលបានធ្វើឡើង កាលពីខែកុម្ភៈ។
ដោយចាត់ទុកថាការបិទផ្លូវទឹកនៅច្រកសមុទ្រនេះ «ផ្ទុយទៅនឹងច្បាប់អន្តរជាតិ» រដ្ឋាភិបាលសហភាពអឺរ៉ុប បានចាត់វិធានការបច្ចេកទេសដើម្បីពង្រីកវិសាលភាពនៃការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ដែលមានស្រាប់ ដោយដាក់បុគ្គលច្រើននាក់បន្ថែមទៀតក្នុងគោលដៅទណ្ឌកម្ម។

ក្រុមប្រឹក្សាអឺរ៉ុបដែលតំណាងឱ្យប្រទេសសហភាពអឺរ៉ុបបាននិយាយថា បច្ចុប្បន្ន សហភាពអឺរ៉ុបនឹងអាចដាក់ចេញនូវវិធានការរឹតត្បិតបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីរ៉ង់ដែលធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz។
វិធានការដាក់ទណ្ឌកម្មរបស់ទីក្រុងព្រុចសែល លើប្រទេសអ៊ីរ៉ង់កាលពីពេលមុន បានកំណត់គោលដៅលើការគាំទ្រផ្នែកយោធារបស់ប្រទេសនេះចំពោះរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន និងសម្រាប់ក្រុមប្រដាប់អាវុធនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ សហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មលើការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនេះផងដែរ។