
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ថា ហានិភ័យពីការផ្ទុះឡើងជំងឺអេបូឡា ត្រូវបានបង្កើនដល់កម្រិតខ្ពស់បំផុតសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។ អង្គការសុខភាពពិភពលោកបាននិយាយថា ថ្មីៗនេះមានករណីឆ្លងជំងឺចំនួន៨២ករណី និងករណីស្លាប់ចំនួន៧ករណីត្រូវបានបញ្ជាក់នៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានករណីសង្ស័យសរុបជិត៧៥០ករណី និងករណីស្លាប់ដែលសង្ស័យចំនួន ១៧៧ករណី។
អង្គការសុខភាពពិភពលោក កំពុងផ្តល់អាទិភាពដល់ការព្យាបាលមួយចំនួនដែលមានស្រាប់ ដើម្បីពិនិត្យមើលថាតើវាអាចមានប្រសិទ្ធភាពប៉ុណ្ណាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក បាននិយាយថា ស្ថានភាពនេះ «មានបញ្ហាប្រឈមជាពិសេស» ខណៈបុគ្គលិកសុខាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីតាមឲ្យទាន់ការរាលដាលវីរុស និងតាមដានទំនាក់ទំនងរបស់មនុស្សគ្រប់គ្នាដែលគិតថាបានឆ្លងវីរុស នៅក្នុងតំបន់ដែលគ្មានសុវត្ថិភាព។
លោក Tedros បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសអ៊ូហ្គង់ដាដែលជិតខាង «មានស្ថេរភាព» ដោយមានករណីចំនួនពីរត្រូវបានបញ្ជាក់ ជាអ្នកដែលបានធ្វើដំណើរមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយម្នាក់បានស្លាប់។ លោកបាននិយាយបន្ថែមថា ការតាមដានទំនាក់ទំនងយ៉ាងម៉ត់ចត់ទំនងជាបានការពារការរាលដាលបន្ថែមទៀត។