លោកស្រី Tulsi Gabbard ប្រមុខចារកម្មជាតិរបស់សហរដ្ឋអាមេរិក បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ដោយបញ្ចប់រយៈពេលកាន់តំណែងក្នុងអំឡុងពេលដ៏ចម្រូងចម្រាស ដែលទំនងជាមានជម្លោះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់។ លោកស្រី Gabbard អាយុ៤៥ឆ្នាំ បាននិយាយថា លោកស្រី លាលែងពីតំណែងជានាយកចារកម្មជាតិ ដើម្បីមើលថែទាំស្វាមីរបស់លោកស្រី លោក Abraham Williams បន្ទាប់ពីលោកទើបតែត្រូវបានគេពិនិត្យរោគវិនិច្ឆ័យថា មាន «ជំងឺមហារីកឆ្អឹងដ៏កម្រ»។
លោកស្រី Gabbard បាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោក Trump ដែលលោកស្រីបានបង្ហោះនៅលើបណ្តាញ X ថា ស្វាមីលោកស្រី ប្រឈមនឹងបញ្ហាធំៗជាច្រើននៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។ នៅពេលនេះ លោកស្រី ត្រូវតែចាកចេញពីអង្គភាពសេវាសាធារណៈ ដើម្បីនៅក្បែរស្វាមី។
លោក Trump បានសាទរលោកស្រី Gabbard ដែលការងាររបស់លោកស្រីពាក់ព័ន្ធនឹងការសម្របសម្រួលព័ត៌មានពីបណ្តាញដ៏ធំទូលាយនៃទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិកចំនួន១៨ទីភ្នាក់ងារ សម្រាប់ការរាយការណ៍សង្ខេបប្រចាំថ្ងៃដល់ប្រធានាធិបតី។ លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់លោកថា «លោកស្រី Tulsi បានធ្វើការងារដ៏អស្ចារ្យ ហើយលោកស្រីបានគិត «ត្រឹមត្រូវហើយ» ដែលចង់ជួយមើលថែស្វាមីរបស់លោកស្រីក្នុងពេលមានជំងឺមហារីក។
លោកប្រធានាធិបតី បាននិយាយបន្ថែមថា អនុប្រធានរបស់លោកស្រី លោក Aaron Lukas នឹងបម្រើការជានាយកស្តីទីនៃទីភ្នាក់ងារចារកម្មជាតិ។ លោកស្រី Gabbard គឺជាសមាជិកគណៈរដ្ឋមន្ត្រីទីបួន ដែលបានចាកចេញពីរដ្ឋបាលរបស់លោក Trump ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលសុទ្ធតែជាស្ត្រី។