អ៊ីស្រាអែល បានចេញបទបញ្ជាជម្លៀសដោយបង្ខំមួយផ្សេងទៀតសម្រាប់អគារលំនៅឋានមួយកន្លែងនៅក្នុងទីក្រុង ទីរ៉េ (Tyre)។ ខណៈមនុស្សជាច្រើន បានរស់នៅដោយឆ្លងកាត់បទបញ្ជាបង្ខំឱ្យជម្លៀសខ្លួនជាច្រើនលើកក្នុងរយៈពេលជាងពីរខែនៃសង្គ្រាម ពួកគេកំពុងមើលឃើញថា វាជាការគំរាមកំហែង។ មានរថយន្តគិលានសង្គ្រោះ នៅទីនេះ ហើយក៏មានក្រុមជួយសង្គ្រោះ និងអ្នកដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីការចេញបទបញ្ជាឱ្យជម្លៀសចេញពីលំនៅឋានដោយបង្ខំ។
ប្រជាជនរស់នៅទីតាំងដែលត្រូវបានកំណត់ជាមួយក្រុមគ្រួសារ និងកូនៗរបស់ពួកគេ។ ប្រជាជនមិនដឹងច្បាស់នោះទេថា ពេលណាពួកគេនឹងអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។ នេះគឺជាប្រភេទនៃ«ការបំភិតបំភ័យផ្នែកចិត្តសាស្ត្រ» ដែលអ៊ីស្រាអែលកំពុងបង្ខំមនុស្សជាច្រើនឱ្យរស់នៅទីនេះ នៅភាគខាងត្បូងប្រទេសលីបង់។ មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅជុំវិញទីក្រុង Tyre ខណៈយានដ្រូន និងយន្តហោះចម្បាំង ហោះហើរទាប។
អាជ្ញាធរសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២ ខែមីនា មក បានកើនឡើងដល់៣.១១១នាក់ និងមានអ្នករងរបួសចំនួន៩.៤៣២នាក់។ យោងតាមប្រភពព័ត៌មានលីបង់បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ រួមទាំងគ្រូពេទ្យសង្គ្រោះបឋម អ្នកជួយសង្គ្រោះ និងកុមារ និងបានធ្វើឱ្យមនុស្សមួយចំនួនទៀតរងរបួស។