លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានមើលឃើញវឌ្ឍនភាពមួយចំនួនឆ្ពោះទៅរកកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ប៉ុន្តែមានការងារជាច្រើនទៀតត្រូវធ្វើ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ភាពខ្វែងគំនិតគ្នារវាងភាគីទាំងពីរនៅវែងឆ្ងាយ និងសំខាន់។ ដោយពង្រឹងផ្នែកការទូតដើម្បីបញ្ចប់ជម្លោះ ប្រមុខយោធាប៉ាគីស្ថាន បានទៅដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃសុក្រ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន បានជួបពិភាក្សាគ្នានៅទីនោះ។ ប្រទេសកាតា បានបញ្ជូនក្រុមចរចាមួយក្រុម ដែលនឹងធ្វើការក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ទៅកាន់រដ្ឋធានីអ៊ីរ៉ង់ដើម្បីព្យាយាមដោះស្រាយភាពខ្វែងគំនិតគ្នាសំខាន់ៗរបស់ភាគីទាំងពីរ ៦សប្តាហ៍បន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយ។ ខណៈគម្លាតមួយចំនួនត្រូវបានបង្រួមតូច នៅតែមានចំណុចជាប់គាំងជុំវិញបញ្ហាអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ និងការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz ដែលការបិទផ្លូវទឹកនេះចាប់តាំងពីការចាប់ផ្តើមសង្គ្រាម បានបង្កឱ្យមានវិបត្តិថាមពលសកល។
លោក Rubio បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីសម្ព័ន្ធយោធាណាតូ នៅទីក្រុង Helsingborg ប្រទេសស៊ុយអែតថា «មានវឌ្ឍនភាពមួយចំនួន។
លោក Rubio បានបញ្ជាក់ជាថ្មីនូវគំនិតដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ផែនការរបស់អ៊ីរ៉ង់សម្រាប់ប្រព័ន្ធឲ្យបង់ប្រាក់នៅច្រកសមុទ្រ ដែលលំហូរប្រេងនិងឧស្ម័នធម្មជាតិរាវមួយភាគប្រាំរបស់ពិភពលោកឆ្លងកាត់ គឺ «មិនអាចទទួលយកបានឡើយ»។