ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការផ្ទុះឧស្ម័ននៅអណ្តូងរ៉ែធ្យូងថ្មមួយនៅភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨២នាក់ ដែលជាគ្រោះមហន្តរាយឧស្សាហកម្មដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ ការផ្ទុះនេះ បានកើតឡើងនៅម៉ោង ៧:២៩ យប់ថ្ងៃសុក្រ នៅអណ្តូងរ៉ែធ្យូងថ្ម Liushenyu ក្នុងខេត្តសានស៊ី (Shanxi)។
សារព័ត៌មានស៊ីនហួ បាននិយាយថា កម្មករសរុបចំនួន ២៤៧នាក់ កំពុងស្ថិតនៅក្រោមដី នៅពេលនោះ ដែលភាគច្រើននៃពួកគេ ត្រូវបាននាំយកមកលើដី នៅព្រឹកថ្ងៃសៅរ៍នេះ។
ប៉ុន្តែទីភ្នាក់ងារនេះ បានបញ្ជាក់នៅពេលក្រោយមកថា យ៉ាងហោចណាស់មានមនុស្ស ៨២នាក់ បានស្លាប់ ដោយបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកយ៉ាងសិ្វតស្វាញនូវមនុស្ស ៤នាក់ ដែលបានបាត់ខ្លួន៕