ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានទាមទារហួសហេតុ ខណៈដែលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានលើកឡើងពីការរំពឹងទុកថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើការវាយប្រហារថ្មី ហើយមេដឹកនាំនៃសាធារណរដ្ឋឥស្លាម បានថ្លឹងថ្លែងសំណើសន្តិភាពចុងក្រោយបំផុត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដ បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជួយសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
របាយការណ៍បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីគំនិតផ្តួចផ្តើមផ្នែកការទូតចុងក្រោយបំផុត ដែលមានគោលបំណងទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត និងបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅក្នុងការចរចា ដែលអូសបន្លាយរហូតដល់យប់ជ្រៅ។
ដោយបង្កើនការទូតដើម្បីបញ្ចប់ជម្លោះ ប្រមុខយោធាប៉ាគីស្ថាន បានមកដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃសុក្រ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន បានជួបពិភាក្សាគ្នានៅទីនោះ៕