ប្រទេសអ៊ីតាលី បារាំង អង់គ្លេស និងអាល្លឺម៉ង់កាលពីថ្ងៃសុក្រ បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកការតាំងទីលំនៅរបស់ខ្លួន នៅក្នុងតំបន់វេសបែង ( West Bank) ដោយនិយាយថា រដ្ឋាភិបាលរបស់ប្រទេសនេះ កំពុង «បំផ្លាញស្ថិរភាព» និងទស្សនវិស័យសម្រាប់ដំណោះស្រាយរដ្ឋពីរ។
ប្រទេសទាំង៤ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖«យើងអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលបញ្ចប់ការពង្រីកការតាំងលំនៅឋាន និងអំណាចរដ្ឋបាល ធានាការទទួលខុសត្រូវចំពោះអំពើហិង្សារបស់អ្នកតាំងលំនៅ និងស៊ើបអង្កេតការចោទប្រកាន់ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល»។
ដោយកត់សម្គាល់ថា ស្ថានភាពនៅតំបន់វេសបែង «កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង» ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រទេសទាំងអស់នេះ បាននិយាយថា អំពើហិង្សារបស់អ្នកតាំងលំនៅចំពោះប្រជាជនប៉ាឡេស្ទីន គឺស្ថិតនៅ «កម្រិតមិនធ្លាប់មានពីមុនមក»។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«គោលនយោបាយ និងការអនុវត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល រួមទាំងការរឹតបន្តឹងបន្ថែមទៀតនូវរគ្រប់គ្រងរបស់ប្រទេសនេះ កំពុងធ្វើឲ្យខូចដល់ស្ថិរភាព និងទស្សនវិស័យសម្រាប់ដំណោះស្រាយរដ្ឋពីរ»៕