កំពង់ឆ្នាំង៖ អតីយុទ្ធជន និងនិវត្តន៍ជនចំនួន១២៥គ្រួសារ រស់នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ និងមិនបំភ្លេចការលះបង់របស់ពួកគាត់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋនាពេលកន្លងមក។
អតីយុទ្ធជន និងនិវត្តន៍ជនបានលើកឡើងថា៖ តាមរយៈគោលនយោបាយសង្គម និងការឧបត្ថម្ភនានារបស់រាជរដ្ឋាភិបាលកម្ពុជា បានជួយសម្រាលជីវភាពរស់នៅ និងផ្តល់កម្លាំងចិត្តដល់អតីយុទ្ធជន និងនិវត្តន៍ជនឲ្យមានភាពកក់ក្តៅ។ ជាពិសេស ការបន្តផ្តល់ប្រាក់ឧបត្ថម្ភ ប្រាក់សោធននិវត្តន៍ និងសេវាសង្គមផ្សេងៗ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកដែលធ្លាប់លះបង់កម្លាំងកាយចិត្ត និងអាយុជីវិតដើម្បីប្រទេសជាតិ។ ការមិនបំភ្លេចពួកគាត់ គឺជាការលើកទឹកចិត្តដ៏មានតម្លៃ និងធ្វើឲ្យពួកគាត់មានមោទនភាពចំពោះការចូលរួមបម្រើជាតិ នាពេលកន្លងមក។ ពួកគាត់ក៏បានជូនពរឱ្យរាជរដ្ឋាភិបាលបន្តទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍប្រទេស និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋបន្ថែមទៀត។
លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានសង្កាត់កំពង់ឆ្នាំង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងបានថ្លែងកោតសរសើរ ចំពោះការលះបង់ កម្លាំងកាយចិត្ត អាយុជីវិត និងការចូលរួមបម្រើជាតិមាតុភូមិរបស់អតីតយុទ្ធជន និងនិវត្តន៍ជនកន្លងមក ដែលបានរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិបានរីកចម្រើន។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់បងប្អូនទាំងអស់ ឱ្យបន្តថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យល្អ និងចូលរួមគាំទ្រការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន។ អំណោយដែលបានផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកសម្រាលជីវភាពប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនរបស់យើងផងដែរ៕ កាំង ហុងវាស្នា









