សេវាសម្ងាត់អាមេរិកបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់ប្រហារនៅចំណុចត្រួតពិនិត្យសេតវិមាន ហើយត្រូវបានក្រុមមន្ត្រីបាញ់តបតវិញនោះ បានស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីល្ងាចថ្ងៃសៅរ៍ ២៣ ឧសភា។
យោងតាមសេចក្តីថ្លែងការណ៍របស់សេវាសម្ងាត់ បុរសនោះបានដើរទៅចំណុចត្រួតពិនិត្យនៅផ្លូវ 17th Street និងផ្លូវ Pennsylvania Avenue ជិតសេតវិមានដោយទាញកាំភ្លើងចេញពីកាបូបរបស់គេ ហើយចាប់ផ្តើមបាញ់ទៅលើក្រុមមន្ត្រីយតែម្ដង។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា មន្ត្រីនគរបាលសេវាសម្ងាត់បានបាញ់តបវិញ ដោយបាញ់ចំជនសង្ស័យ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ជាទីដែលក្រោយមកជននោះបានស្លាប់។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា អ្នកឈរមើលម្នាក់ត្រូវបានបាញ់ដោយកាំភ្លើង ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ថាតើមនុស្សនោះរងរបួសធ្ងន់ធ្ងរប៉ុណ្ណានោះទេ។ សេចក្តីថ្លែងការណ៍មួយទៀតរបស់សេវាសម្ងាត់ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានជាច្រើន បាននិយាយថា គេមិនច្បាស់ទេថាតើអ្នកឈរមើលត្រូវបានវាយប្រហារនៅពេលដែលខ្មាន់កាំភ្លើងចាប់ផ្តើមបាញ់ ឬក្នុងអំឡុងពេលនៃការបាញ់ប្រហារជាបន្តបន្ទាប់។
សេវាសម្ងាត់បាននិយាយថា គ្មានបុគ្គលិកអនុវត្តច្បាប់ណាម្នាក់រងរបួសទេ ដោយបន្ថែមថា លោកប្រធានាធិបតី Donald Trump បានកំពុងស្ថិតនៅឯសេតវិមានក្នុងអំឡុងពេលកើតហេតុ៕