បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបានឆក់យកជីវិតកម្មករ-កម្មការិនី ៥នាក់ និងរបួសធ្ងន់ស្រាល ៣៩នាក់ ភ្លាមៗនោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាបានចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ សហការជាមួយសាខាកាកបាទក្រហមខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសពទាំង ៥នាក់ ដែលរស់នៅក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សពទាំង ៥រូប រួមមាន៖ ១. លោក ឌុច ផាត និង ២. អ្នកស្រី ប៉េង ហឿន (ត្រូវជាប្ដីប្រពន្ធ បន្សល់ទុកកូនតូចម្នាក់ និងក្មួយ ៣នាក់) ៣. លោក ពៅ ភស់ និង ៤. អ្នកស្រី គង់ សាវី (ត្រូវជាប្ដីប្រពន្ធ បន្សល់ទុកកូន ៣នាក់) ៥. លោក រឹម សារី (បន្សល់ទុកប្រពន្ធ និងកូន ៣នាក់) ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូបានពាំនាំនូវការសោកស្តាយ និងអាណិតអាសូរជាពន់ពេកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការបាត់បង់សមាជិកគ្រួសារដែលជាបង្គោលទ្រទ្រង់ជីវភាព។ ដើម្បីជួយសម្រាលបន្ទុកភ្លាមៗ កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ក្នុងមួយសព ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បន្ទាប់មក ប្រតិភូបានបន្តនាំថវិកាឧបត្ថម្ភដល់កម្មកររងរបួសស្រាលចំនួន ១០នាក់ ដែលសម្រាកព្យាបាលនៅតាមផ្ទះក្នុងភូមិ-ឃុំខាងលើ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល។ នៅថ្ងៃដដែលនេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានបន្តដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខកម្មករ-កម្មការិនីចំនួនសរុប ៣៩នាក់ របួសធ្ងន់ ៨នាក់ (មួយបញ្ជូនទៅវៀតណាម) និងរងរបួសស្រាល ៣១នាក់ផ្សេងទៀត ដែលកំពុងសម្រាកព្យាបាល។ ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា ព្រមទាំងថ្នាក់ដឹកនាំ សាខាកាកបាទក្រហមខេត្តស្វាយរៀង និងខេត្តព្រៃវែង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងពរជ័យពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឱ្យបងប្អូនកម្មករទាំងអស់បានឆាប់ជាសះស្បើយពីរបួស ព្រមទាំងបានឧបត្ថមថវិកា ជួយសម្រាលបន្ទុកគ្រួសារដោយអ្នករងរបួសស្រាល១លានរៀល របួសធ្ងន់២លានរៀល។ ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារក៏បានឧបត្ថម្ភដល់គ្រួសារកងទ័ពដែលកំពុងសម្រាកព្យាបាលមួយគ្រួសារនៅទីនោះផងដែរ។
ដោយឡែកនៅថ្ងៃនេះដែរ ប្រតិភូកាកបាទក្រហមកម្ពុជាមួយក្រុមទៀត ដឹកនាំដោយ ឯកឧត្តម ឃុន សាម៉េង នាយកនាយកដ្ឋានធនធានមនុស្ស និង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅសួរសុខទុក្ខ កម្មករ- កម្មការិនី គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ ដែលកំពុងសម្រាកព្យាបាល សរុប ៣៧ នាក់ បុរស ៤នាក់។ ក្នុងនោះ សម្រាកនៅមណ្ឌលសុខភាពកំពង់ត្រឡាច ១៤នាក់ (បុរស ២នាក់), សម្រាកនៅគ្លីនិក ឯកជន ២៣ នាក់ (បុរស ២នាក់)។
សកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោនោះឡើយ៕ អត្ថបទ៖ សំ ងីម





















