ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានណែនាំក្រុមអ្នកចរចាកុំរួសរាន់ធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បន្ទាប់ពីរបាយការណ៍បានបង្ហាញថា កិច្ចព្រមព្រៀងមួយជិតសម្រេចបាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កិច្ចព្រមព្រៀងដែលកំពុងពិភាក្សាពាក់ព័ន្ធនឹងការបន្តបទឈប់បាញ់រយៈពេល៦០ ថ្ងៃ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការចរចាបន្ថែមទៀតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថា ការចរចាប្រកបដោយការស្ថាបនា កំពុងដំណើរការ ប៉ុន្តែភាគីទាំងពីរត្រូវតែចំណាយពេលវេលា និងធ្វើឱ្យបានត្រឹមត្រូវ។

លោក Trump បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថា កិច្ចព្រមព្រៀងមួយត្រូវបានចរចាយ៉ាងទូលំទូលាយ ដែលជំរុញឱ្យមានការរំពឹងទុកថា ការប្រកាសអាចនឹងកើតឡើងឆាប់ៗនេះ។
របាយការណ៍នានានៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់និយាយថា នៅតែមានចំណុច «មួយ ឬពីរ» នៃការមិនចុះសម្រុងគ្នានៅក្នុងកិច្ចព្រមព្រៀងដែលអាចកើតមាន។
ក្រុមមន្ត្រីអ៊ីរ៉ង់បានបង្ហាញសញ្ញាស្រដៀងគ្នានេះអំពីវឌ្ឍនភាពក្នុងការចរចាកាលពីចុងសប្តាហ៍នេះ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baghaei បាននិយាយថា នោះមិនមានន័យថា កិច្ចព្រមព្រៀងនឹងត្រូវបានឈានដល់លើបញ្ហាសំខាន់ៗនោះទេ៕
