រតនគីរី ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល និងដៃគូអន្តរជាតិ នៅថ្ងៃទី១៩ខែមេសានេះ អញ្ចឹងចុះទស្សនកិច្ចដំណើរការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនពលរដ្ឋរស់នៅខេត្តរតនគីរី។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី វេជ្ជបណ្ឌិត លី អាយលែនតំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាតតំណាងអង្គការUNICEFប្រចាំប្រទេសកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅរសៀលថ្ងៃទី១៩ខែមេសានេះ បានអញ្ចើញចុះ ទស្សនកិច្ចដំណើការចាក់វ៉ាក់កូវីដ ជូនពលរដ្ឋរស់នៅខេត្តរតនគីរី។
នៅក្នុងឱកាសនោះ លោកជំទាវេជ្ជបណ្ឌិតឱ វណ្ណឌីន បានលើកឡើងពីសារះសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-19 ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-19 ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ក្រៅពីនេះ ពីលោកជំទាវបានក្រើនរំលឹកដល់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន ដោយប្រើប្រាស់យុទ្ធសាស្រ្តចម្បង ចាក់ស្រោចវ៉ាក់សាំងកូវីដជូនប្រជាពលរដ្ឋអាយុពី៣ឆ្នាំឡើង។ សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងចាប់ពីដូសទី១ ដល់៤ អាចទៅចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈ ឫទីតាំងដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ដោយត្រូវភ្ជាប់ទៅជាមួយ កាតចាក់វ៉ាក់សាំងកូវីដ សំបុត្រកំណើត ឫអត្តសញ្ញាណប័ណ្ណជាដើម។
នៅឆ្នាំ២០២២ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនពលរដ្ឋ ដោយទទួលបានជំនួយពីយន្កការកូវ៉ាក់ ប្រទេសចិន និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។នេះបើតាមប្រសាសន៍មន្រ្តីជំនាញនៃក្រសួងសុខាភិបាល៕ អត្ថបទ៖ទូច សោភ័ណ






