នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ មន្ត្រីបានប្រាប់ឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ បានទាញយកមនុស្ស ២នាក់ចេញពីគំនរបាក់បែកនៃអគារបាក់រលំដែលកំពុងស្ថិតក្រោមការសាសង់ នៅប្រទេសហ្វីលីពីន ដោយធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣នាក់ហើយ ខណៈដែលក្រុមជួយសង្គ្រោះ បានបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីការស្កេនពេញមួយយប់ បានរកឃើញសញ្ញាអ្នកនៅមានជីវិត នៅក្រោមគំនរបាក់បែកនោះ។
អ្នកនាំពាក្យនៅការិយាល័យការពារអគ្គិភ័យក្នុងតំបន់ លោកស្រី Maria Leah Sajili បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ ២នាក់ មានដង្ហើម នៅពេលដែលរគាត់ត្រូវបានទាញចេញ ប៉ុន្តែក្រោយមកបានបាត់បង់ជីវិត ខណៈដែលម្នាក់ទៀត បានគាំងបេះដូង ខណៈពេលដែលនៅតែជាប់ក្រោមនោះ។

មន្ត្រីបាននិយាយថា ការស៊ើបអង្កេតមួយកំពុងដំណើរការ ជុំវិញមូលហេតុអ្វីដែលបណ្តាលឲ្យមានការបាក់រលំអគារកម្ពស់ច្រើនជាន់នេះ ដែលស្ថិតនៅក្នុងទីក្រុង Angeles ភាគខាងជើងនៃរដ្ឋធានីម៉ានីល។
ជាមួយគ្នានេះ លោកស្រី Sajili បានឲ្យដឹងទៀតថា ក្រុមអ្នកជួយសង្គ្រោះ ក៏កំពុងធ្វើការផងដែរ ដើម្បីទាញយកសាកសពមួយទៀតដែលកប់នៅក្រោមគំនរបាក់បែក ប៉ុន្តែជនរងគ្រោះនឹងត្រូវបានបន្ថែមទៅក្នុងចំនួនអ្នកស្លាប់ផ្លូវការ នៅពេលដែលត្រូវបានទាញចេញមក។
លោកស្រី Sajili បានបន្តថា អាចមានជនរងគ្រោះជាច្រើនទៀតជាប់នៅទីនោះ បន្ទាប់ពីការស្កេនកម្ដៅ បានរកឃើញសញ្ញាដកដង្ហើម និងចង្វាក់បេះដូង នៅក្រោមគំនរបាក់បែក។ លោកស្រី Sajili បានបន្ថែមថា ចំនួនអ្នកបាត់ខ្លួនមានចំនួន ១៧នាក់ ភាគច្រើនជាកម្មករសំណង់ដែលត្រូវបានចុះបញ្ជីថា កំពុងបំពេញការងារនៅការដ្ឋាននេះ៕

