ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា យោធាបានធ្វើការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅកងទ័ពអ៊ុយក្រែន។
យោងតាមក្រសួង ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងគោលដៅស៊ីវិលនៅលើទឹកដីរុស្ស៊ី»។ ការវាយប្រហាររបស់រុស្ស៊ីពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទីក Oreshnik មីស៊ីលបាលីស្ទីកចេញពីអាកាស Iskander មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងបាញ់ចេញពីអាកាស Kinzhal មីស៊ីលតម្រង់គោលដៅ Tsirkon ក៏ដូចជាមីស៊ីលតម្រង់គោលដៅបាញ់ចេញពីអាកាស ពីសមុទ្រ និងពីដី និងយានដ្រូនវាយប្រហារ។ ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើទីតាំងបញ្ជាការ មូលដ្ឋានទ័ពអាកាស និងសហគ្រាសឧស្សាហកម្មការពារជាតិ។

ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបាននិយាយថា មនុស្ស ២១នាក់ បានស្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើអន្តេវាសិកដ្ឋានមហាវិទ្យាល័យមួយក្នុងតំបន់ Luhansk កាលពីថ្ងៃសុក្រ។ ទីក្រុងគីវបានបដិសេធការទទួលខុសត្រូវ ដោយនិយាយថា កងកម្លាំងរបស់ខ្លួនវាយប្រហារតែទីតាំងយោធា និងវត្ថុដែលប្រើប្រាស់សម្រាប់គោលបំណងយោធា ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានវាយប្រហារដោយដ្រូន ចំនួន ៦០០គ្រឿង និងមីស៊ីលចំនួន ៩០ គ្រាប់ ពេញមួយយប់ ដោយកំណត់គោលដៅលើទីក្រុងគីវ៕
