មន្ត្រីនិយាយថា អ្នកចរចាជាន់ខ្ពស់ និងរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ បានទៅដល់ទីក្រុងដូហា ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រទេសកាតាស្តីពីកិច្ចព្រមព្រៀងដែលអាចឈានដល់ជាមួយសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមរយៈពេលបីខែ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ បាននិយាយសម្រាលពីក្តីសង្ឃឹមសម្រាប់ការទម្លាយភាពទាល់ច្រកនាពេលខាងមុខ។ ទោះបីជាការចរចានៅបន្តក៏ដោយ កងកម្លាំងសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ទៅលើគោលដៅជាច្រើនកន្លែង និងបានវាយប្រហារលើទូកដែលព្យាយាមដាក់គ្រាប់មីន និងទីតាំងបាញ់មីស៊ីល ដែលខ្លួនបានពិពណ៌នាថាជាសកម្មភាពការពារខ្លួន។

លោក Rubio និយាយថា មាន «រឿងរ៉ាវដ៏តានតឹង មួយនៅលើតុចរចាទាក់ទងនឹងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឲ្យច្រកសមុទ្របើកចំហ មានការចរចាពិតប្រាកដ សំខាន់ និងកំណត់ពេលលើការចរចាបញ្ហានុយក្លេអ៊ែរ ហើយសង្ឃឹមថាយើងអាចធ្វើវាបាន»។ នៅក្នុងការបង្ហោះសារលើបណ្តាញ Truth Social ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការ «យ៉ាងល្អ» ប៉ុន្តែបានព្រមានអំពីការវាយប្រហារថ្មីប្រសិនបើបរាជ័យ។

លោកបានសរសេរថា វា «នឹងក្លាយជាកិច្ចព្រមព្រៀងដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា ឬគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់»។ មន្ត្រីបានរាយការណ៍សង្ខេបអំពីដំណើរទស្សនកិច្ចនៅទីក្រុង Doha របស់ប្រតិភូអ៊ីរ៉ង់ ថា កិច្ចពិភាក្សា បានផ្តោតជាចម្បងលើច្រកសមុទ្រ Hormuz និងការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ ខណៈទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ បានចូលរួមដើម្បីពិភាក្សាអំពីការបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយ។ លោក Trump បាននិយាយថា គោលបំណងសំខាន់របស់លោកនៅក្នុងសង្គ្រាមគឺដើម្បីទប់ស្កាត់អ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាមួយនឹងសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច។ ប៉ុន្តែទីក្រុងតេអេរ៉ង់ បានច្រានចោលជាប្រចាំថា ខ្លួនគ្មានផែនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ។