លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងនៅថ្ងៃអង្គារ២៦ឧសភា សប្ដាហ៍នេះ បន្ទាប់ពីទីក្រុងមូស្គូបានបើកការវាយប្រហារដ៏ធំមួយលើទីក្រុងគីវ ថា សហរដ្ឋអាមេរិក នៅតែមានឆន្ទៈសម្របសម្រួលក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Rubio បាននិយាយបន្ទាប់ពីជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថា រាល់ពេលដែលអ្នកមើលឃើញការវាយប្រហារធំៗទាំងនេះពីភាគីម្ខាង ឬម្ខាងទៀត ធ្វើឲ្យគេនឹងកឃើញពីមូលហេតុនាំឲ្យមានសង្គ្រាមដ៏គួរឱ្យភ័យខ្លាចនេះ ដែលឥឡូវនេះបានអូសបន្លាយយូរជាងសង្គ្រាមលោកលើកទីពីរទៅទៀត ហើយវាត្រូវតែបញ្ចប់។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌាថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច និងត្រៀមខ្លួនជួយធ្វើអ្វីគ្រប់យ៉ាងដែលពួកលោកអាចធ្វើបាន ដើម្បីជួយសម្រួលដល់ការបញ្ចប់សង្គ្រាមនេះ ហើយសង្ឃឹមថាឱកាសនឹងលេចឡើងនៅចំណុចណាមួយ។
ជាអ្វីដែលខ្លួនហៅថាជាការសងសឹកប្រឆាំងនឹងការវាយប្រហារលើតំបន់កាន់កាប់ដោយទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយរបស់ខ្លួនទៅលើទីក្រុងគីវ ដោយបានវាយប្រហាររដ្ឋធានីនេះជាមួយនឹងយានដ្រូនប្រហែល ៦០០ គ្រឿង និងមីស៊ីល ៩០ គ្រាប់ពេញមួយយប់រហូតដល់ថ្ងៃអាទិត្យ។ អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយថា ការខូចខាតត្រូវបានកត់ត្រានៅគ្រប់សង្កាត់ទាំងអស់នៃទីក្រុងនេះ។ ទីតាំងដែលវាយប្រហាររួមមាន រោងចក្រផ្គត់ផ្គង់ទឹក ផ្សារ លំនៅឋាន សាលារៀនជាច្រើន សារមន្ទីរសិល្បៈជាតិអ៊ុយក្រែន និងអគារក្រសួងការបរទេស ដែលបានរងការខូចខាតជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី ២។រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនពីរដងដោយមីស៊ីល Oreshnik មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ជាមីស៊ីលដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអួតថាមិនអាចស្ទាក់ចាប់បានដោយសារតែល្បឿនរបស់វាលឿនជាងសំឡេងជាង១០ ដង៕

