ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានជួបពិភាក្សាគ្នាលើប្រធានបទជាច្រើន រួមមានទាំងស្ថានភាពនៅប្រទេសអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយអាចនឹងកើតឡើងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
លោក Xi បានថ្លែងទៅកាន់លោក Sharif នៅក្នុងជំនួបកាលពីថ្ងៃចន្ទនៅទីក្រុងប៉េកាំងថា ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់ប្រទេសប៉ាគីស្ថានក្នុងការជួយសម្របសម្រួលការស្តារឡើងវិញសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។

លោក Sharif បាននិយាយថា ប៉ាគីស្ថាន មានឆន្ទៈក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីចូលរួមចំណែករួមគ្នាក្នុងការជំរុញសន្តិភាព និងស្ថិរភាពពិភពលោក។
មេបញ្ជាការកងទ័ពប្រទេសប៉ាគីស្ថាន លោក Asim Munir ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយបង្ហើបថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយ។ ប្រទេសចិន បានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដោយមានជំនួបចុងក្រោយ បន្ទាប់ពីជំនួបកំពូលនៅទីក្រុងប៉េកាំង ជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី។