នគរបាលក្រិកកាលពីថ្ងៃចន្ទ បានចាប់ខ្លួនមនុស្ស ២០នាក់ នៅលើកោះ Crete ជុំវិញការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងបណ្តាញក្លែងបន្លំឧបត្ថម្ភធនកសិកម្ម ខណៈដែលការស៊ើបអង្កេតលើការប្រើប្រាស់មិនបានត្រឹមត្រូវនូវមូលនិធិកសិកម្មរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសក្រិក បន្តពង្រីក។

យោងតាមកាសែតក្រិក Ekathimerini ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយអង្គភាពប្រឆាំងឧក្រិដ្ឋកម្ម របស់កោះCrete និងបានអនុវត្តក្នុងពេលដំណាលគ្នា នៅក្នុងតំបន់Rethymno, Heraklion និង Lasithi។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា បានទទួលឧបត្ថម្ភធនកសិកម្មរបស់សហភាពអឺរ៉ុបដោយក្លែងបន្លំ ក្នុងរយៈពេលជាច្រើនឆ្នាំ តាមរយៈការប្រកាសមិនពិត និងកិច្ចព្រមព្រៀងជួលដីក្លែងក្លាយ។

នគរបាលបាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនរួមមានគណនេយ្យករពីរនាក់ និងមន្ត្រីបីនាក់មកពីការិយាល័យរដ្ឋបាលក្នុងតំបន់ ដែលត្រូវបានគេជឿថា បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងបណ្តាញនេះ។
អាជ្ញាធរបានប៉ាន់ប្រមាណថា ក្រុមនេះទទួលបានប្រាក់ជាង ៣ លានអឺរ៉ូ (៣,៤លានដុល្លារអាមេរិក) ដោយខុសច្បាប់ក្នុងរយៈពេលតិចជាង ៥ឆ្នាំ ខណៈដែលបុគ្គលប្រហែល ៩០នាក់បន្ថែមទៀត នៅតែស្ថិតក្រោមការស៊ើបអង្កេត៕