ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ នឹងត្រូវបំផ្លាញចោលបន្ទាប់ពីត្រូវបានប្រគល់ទៅឱ្យសហរដ្ឋអាមេរិកនៅនឹងកន្លែង ឬនៅទីតាំងដែលអាចទទួលយកបានផ្សេងទៀត។

លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច នឹងត្រូវប្រគល់ទៅឱ្យសហរដ្ឋអាមេរិកភ្លាមៗដើម្បីនាំយកទៅប្រទេស ហើយបំផ្លាញចោល ឬប្រសើរជាងនេះទៅទៀត គឺត្រូវរួមគ្នានិងសម្របសម្រួលជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បំផ្លាញចោលនៅនឹងកន្លែង ឬនៅទីតាំងដែលអាចទទួលយកបានផ្សេងទៀត ដោយគណៈកម្មការថាមពលអាតូមិក ឬភាគីមានឋានៈស្មើររបស់ខ្លួន ជាសាក្សីចំពោះដំណើរការនិងព្រឹត្តិការណ៍នេះ»។
លោក Trump មិនបានបញ្ជាក់ថាតើអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចមានចំនួនប៉ុន្មាននោះទេ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ កាលពីពេលមុនបានតាមដានសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្រោមការរៀបចំត្រួតពិនិត្យផ្សេងៗ។
កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ មិនបានព្រមព្រៀងផ្ទេរអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចទៅក្រៅប្រទេសទេ ដោយច្រានចោលរបាយការណ៍ដោយបណ្តាញព័ត៌មាន Al Hadath មានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលអះអាងថា «អ៊ីរ៉ង់ត្រៀមរួចជាស្រេចដើម្បីរុះរើអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចចេញពីទឹកដីរបស់ខ្លួន»។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា របាយការណ៍អំពីព័ត៌មានលម្អិតនៃអនុស្សរណៈនៃការយោគយល់(MoU) រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន មិនពិតនោះទេ។

