រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira កាលពីថ្ងៃចន្ទ បានបង្ហាញការបដិសេធរបស់ប្រទេសលោក ចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសគុយបា និងបានអំពាវនាវឱ្យដោះស្រាយភាពខ្វែងគំនិតគ្នាតាមរយៈផ្នែកការទូត និងការគោរពច្បាប់អន្តរជាតិ។

ទាក់ទងនឹងការធ្វើអន្តរាគមន៍ដោយយោធារបស់សហរដ្ឋអាមេរិកដែលអាចកើតមាននៅក្នុងប្រទេសគុយបា លោក Vieira បាននិយាយថា លោកសង្ឃឹមថា វានឹងមិនកើតឡើងនោះទេ ហើយជម្រើសដ៏ល្អជាងនេះគឺ «ការចរចា និងការសន្ទនា»។ លោកបាននិយាយថា ប្រទេសលោកច្រានចោលការគំរាមកំហែងពីបរទេសគ្រប់រូបភាពប្រឆាំងនឹងប្រទេសកោះតំបន់សមុទ្រការ៉ាអ៊ីពមួយនេះ ដោយចង់ឱ្យភាពខ្វែងគំនិតគ្នាត្រូវបានដោះស្រាយតាមរយៈផ្នែកការទូត។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានជំរុញឱ្យគោរពដែនអធិបតេយ្យភាពប្រទេសគុយបា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក Vieira និយាយថា លោកប្រធានាធិបតី បាននិយាយសំដៅទៅលើប្រទេសគុយបា ថា វាជាសង្គមមួយដែលសមនឹងទទួលបានការគោរព យើងចង់បានតុល្យភាពនៅក្នុងតំបន់ ហើយភាពខ្វែងគំនិតគ្នាទាំងអស់ត្រូវតែបានដោះស្រាយតាមរយៈការចរចា និងផ្នែកការទូត។
