ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានចុះហត្ថលេខាលើក្របខ័ណ្ឌទ្វេភាគី ដើម្បីធានាការផ្គត់ផ្គង់ និងដំណើរការកែច្នៃរ៉ែសំខាន់ៗ និងរ៉ែកម្រ។
បន្ទាប់ពីមានកិច្ចប្រជុំកិច្ចការបរទេសរបស់ក្រុម Quad នៅទីក្រុងញូវដេលីរបស់ប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar ដែលបានចុះហត្ថលេខាលើឯកសារនេះ រួមជាមួយសមភាគីអាមេរិក គឺលោក Marco Rubio បាននិយាយថា ក្របខ័ណ្ឌនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ នៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រទាំងមូល។

លោកបានបញ្ជាក់ថា «វា (ក្របខ័ណ្ឌ) នឹងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងចម្រុះ» ដោយលោកបានបន្ថែមថា វាគឺជា «សញ្ញាមួយទៀត» នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅក្នុង «ពិភពលោកមួយដែលមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែក៏មានឱកាសជាច្រើនផងដែរ»។
សម្រាប់លោក Rubio រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បាននិយាយថា ភាគីទាំង២ «មិនអាចទុកឲ្យធនធានជាមូលដ្ឋាននៃឧស្សាហកម្មទាំងនេះងាយរងគ្រោះដោយសារភាពផ្តាច់មុខពីប្រភពតែមួយឡើយ ដែលអាចធ្វើឲ្យយើងមិនទទួលបានធនធានទាំងនេះ ពោលគឺមិនត្រឹមតែនៅក្នុងពេលមានជម្លោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចមានប្រៀបដែលផ្ទុយពីផលប្រយោជន៍ជាតិអធិបតេយ្យរបស់យើងផងដែរ»៕

