កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា យានដ្រូនជាច្រើនគ្រឿង និងយន្តហោះចម្បាំង F-35 របស់កងទ័ពអាកាសអាមេរិក បានរំលោភលើដែនអាកាសអ៊ីរ៉ង់ ហើយដ្រូនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់។
IRGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ថា៖«ដោយបន្តសកម្មភាពអន្តរាគមន៍ដ៏គ្រោះថ្នាក់របស់ខ្លួន នៅក្នុងតំបន់ និងអាកប្បកិរិយាឈ្លានពាន យោធាអាមេរិកដែលជាភេរវករ បានធ្វើការឈ្លានពានចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស»។
យោងតាមសេចក្តីថ្លែងការណ៍ កងកម្លាំងការពារដែនអាកាសអ៊ីរ៉ង់ បានបង្ខំយានដ្រូន RQ-4 មួយគ្រឿង និងយន្តហោះចម្បាំង F-35 មួយគ្រឿង ឲ្យចាកចេញពីដែនអាកាសរបស់ប្រទេសនេះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា កងកម្លាំងអ៊ីរ៉ង់បានបំផ្លាញយានដ្រូន MQ-9 មួយគ្រឿង។
IRGC បាននិយាយថា អ៊ីរ៉ង់ចាត់ទុកវិធានការសងសឹកណាមួយប្រឆាំងនឹងការរំលោភបំពានបទឈប់បាញ់របស់សហរដ្ឋអាមេរិកថា ជាសិទ្ធិស្របច្បាប់របស់ខ្លួន៕

