យោងតាមសារព័ត៌មានចុះផ្សាយប្រចាំថ្ងៃ HLN បានឲ្យដឹងថា មនុស្សជាច្រើននាក់ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត បន្ទាប់ពីរថភ្លើងបានបុករថយន្តក្រុងដឹកសិស្ស នៅខេត្ត East Flanders របស់ប្រទេសបែលហ្ស៊ិក នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ។

ប្រភពមួយ បានបញ្ជាក់ប្រាប់សារព័ត៌មាន HLN ថា មានអ្នកស្លាប់ជាច្រើននាក់នៅក្នុងគ្រោះថ្នាក់ ដែលរថយន្តក្រុងដឹកសិស្ស ១គ្រឿង ត្រូវបានរថភ្លើងដឹកអ្នកដំណើរបុក នាពេលព្រឹក នៅចំណុចឆ្លងផ្លូវ។
មានរបាយការណ៍ថា នៅលើរថយន្តរបស់សាលានោះ មានកុមារ ៧នាក់ និងមនុស្សពេញវ័យ ២នាក់ រួមទាំងអ្នកបើកបរផងដែរ។ ក្រុមសង្គ្រោះបន្ទាន់ជាច្រើនត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ហើយបើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានអ្នកដំណើរប្រហែល ១០០នាក់ នៅលើរថភ្លើង តែមិនមាននរណាម្នាក់រងរបួសឡើយ។
ប្រតិបត្តិករបណ្តាញផ្លូវដែក Infrabel បានកត់សម្គាល់ថា ភ្លើងចរាចរណ៍ នៅចំណុចឆ្លងកាត់ផ្លូវនេះ គឺពណ៌ក្រហម ហើយរបាំងត្រូវបានបិទនៅពេលមានការប៉ះទង្គិចគ្នានោះ។ ប្រតិបត្តិករនេះបានកត់សម្គាល់ថា ស្ថានភាពពិតប្រាកដនៃគ្រោះថ្នាក់នេះ កំពុងត្រូវបានស៊ើបអង្កេត៕


