ទូរទស្សន៍រដ្ឋ CCTV រាយការណ៍នៅថ្ងៃអង្គារនេះថា ខេត្តជាច្រើនរបស់ចិន បានជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដោយសារភ្លៀងធ្លាក់ខ្លាំង ។
រូបភាពវីដេអូឃ្លីបពី CCTV ឃើញផ្ទះជាច្រើនខ្នង បាក់រលំដោយសារបំណាក់ដី ហើយក្រុមជួយសង្រ្គោះ បានចុះប្រតិបត្តិការជម្លៀសខ្លួនមនុស្សតាមទូកពោង ។
CCTV រាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅទីក្រុងរណប Chongqing ស្ថិតនៅតំបន់ភាគនិរតីប្រទេសចិន បានកើនឡើងដល់ ៩នាក់ ក្នុងនោះមនុស្ស ១១នាក់ កំពុងបាត់ខ្លួន ។
សង្កាត់ និងភូមិដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែងនៅស្រុក Yongchuan បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ មនុស្ស ៣នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់កាលពីថ្ងៃអាទិត្យ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua រាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនេះដែរ បណ្តាលឲ្យមានទឹកជំនន់ដ៏គំហក់ និងបំណាក់ដី នៅតាមតំបន់ជាច្រើន ហើយមនុស្សជាង ២ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ។
សូមបញ្ជាក់ថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ កាលពីដើមសប្តាហ៍មុន ពេលដែលភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់ជាច្រើននៅភាគកណ្តាល និងភាគនិរតី ប្រទេសចិន ៕

