មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បាននិយាយនៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះថា បណ្ដាប្រទេស នៅតំបន់មជ្ឈិមបូព៌ា «នឹងលែងធ្វើជាខែល សម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ» ខណៈបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងលែងមាន «ទីជម្រកសុវត្ថិភាព» នៅក្នុងតំបន់ទៀតហើយ។

ការកត់សម្គាល់របស់លោក Khamenei បានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញ ដើម្បីប្រារព្ធពិធីដ៏សំខាន់បំផុត គឺព្រឹត្តិការណ៍ធម្មយាត្រាឥស្លាម Hajj។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋ។
លោកបានអំពាវនាវដល់បណ្ដាប្រទេសមូស្លីម និងប្រទេសដទៃទៀត នៅក្នុងតំបន់ «ឲ្យធ្វើការលើផលប្រយោជន៍រួម» ដើម្បីឆ្ពោះទៅបង្កើតសណ្តាប់ធ្នាប់តំបន់ និងសកលលោកថ្មីមួយ។
លោកបានបន្ថែមថា៖ «ខ្ញុំសូមអញ្ជើញដោយស្មោះអស់ពីចិត្តដល់ប្រទេស និងរដ្ឋាភិបាលឥស្លាមទាំងអស់ឲ្យបង្កើតមិត្តភាព និងមានកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម»។
គួរបញ្ជាក់ថា ការអំពាវនាវនេះកើតឡើងចំពេលមានកិច្ចប្រឹងប្រែងសម្របសម្រួលដឹកនាំដោយប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយនាំឲ្យមានការវាយប្រហារសងសឹកពីទីក្រុងតេអេរ៉ង់។ បទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ហើយក្រោយមកត្រូវបានបន្តដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយគ្មានពេលកំណត់៕
