ជំរំជនភៀសខ្លួន Kigonze ស្ថិតក្នុងទីក្រុង Bunia នៅតំបន់ភាគខាងកើតកុងហ្គោ បានអស់សាប៊ូ ស្របពេលការរីករដាលឆ្លងជំងឺអេបូឡា ។
លោក Richard Mbagaro គឺជាអ្នកគ្រប់គ្រងជំរំ បានជំរុញឲ្យមនុស្សជម្លៀសខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ស្របពេលក្តីបារម្ភកើនឡើងនៃការរីករាលដាលឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។
លោកនិយាយថា មាននូវមនុស្សជម្លៀសខ្លួនជាង ៥ពាន់នាក់ រស់នៅទីនេះ ប៉ុន្តែពួកគេមិនធ្វើតាមវិធានការសុវត្ថិភាពនោះទេ ។ ពួកគេពុំពាក់ម៉ាស ឬចាត់វិធានការបង្ការណាមួយឡើយ វាពិតជាពិបាកខ្លាំងណាស់ ។
ជំរំមានមនុស្សរស់នៅច្រើនលើសចំណុះ អនាម័យអន់ និងខ្វះខាតគ្រឿងផ្គត់ផ្គង់ បានធ្វើឲ្យក្តីបារម្ភកើនឡើងនៅក្នុងចំណោមកម្មករមនុស្សធម៌ថា វីរុសអាចនឹងរីករាលដាលកាន់តែខ្លាំង ។
ខណៈពេលនោះដែរ ប្រមុខអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានលើកឡើងពីការព្រួយបារម្ភអំពីល្បឿននៃការផ្ទុះឡើងនៃជំងឺអេបូឡាបច្ចុប្បន្ននៅអាហ្វ្រិកកណ្តាល ដែលរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២២០ នាក់។
កាលពីថ្ងៃចន្ទម្សិលមិញ លោកនិយាយប្រាប់កិច្ចប្រជុំតាមអ៊ីនធឺណិតរបស់សហភាពអាហ្វ្រិកថា ពួកយើង កំពុងបង្កើនប្រតិបត្តិការបន្ទាន់ ប៉ុន្តែនៅពេលនេះជំងឺរាតត្បាតនេះ កំពុងមានល្បឿនលឿនជាងពួកយើងគិតទៅទៀត ខណៈចំនួនករណីឆ្លងដែលបានសង្ស័យ បានកើនឡើងដល់ជាង ៩០០ នាក់នៅកុងហ្គោ ៕

