ប្រទេសចិន និងប៉ាគីស្ថាន នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានប្រកាសថា នឹងធ្វើ «ការរួមចំណែកប្រកបដោយភាពវិជ្ជមាន» ដើម្បីឲ្យមានសន្តិភាព និងស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលកិច្ចប្រឹងប្រែងបន្តធានាឲ្យបាននូវការបញ្ចប់សង្គ្រាមយូរអង្វែង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីមានដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅប្រទេសចិន និងកិច្ចប្រជុំជាមួយប្រធានាធិបតី លោក Xi Jinping ក៏ដូចជាជាមួយនាយករដ្ឋមន្ត្រី លោក Li Qiang និងមន្ត្រីដទៃទៀត ទីក្រុងប៉េកាំងបានសរសើរកិច្ចប្រឹងប្រែងរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងការលើកកម្ពស់ពហុភាគីនិយម ដំណោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងអំឡុងពេលខ្លួនធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងខែកក្កដា ឆ្នាំ២០២៥។

សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖ «ភាគីប៉ាគីស្ថានបានសម្តែងការគាំទ្រ ចំពោះសំណើទាំង៤ របស់លោកប្រធានាធិបតី Xi Jinping ស្តីពីការការពារ និងការលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា»។
ជាមួយគ្នានេះ ប្រទេសចិនបានកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ប៉ាគីស្ថាន ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់បណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការរៀបចំកិច្ចចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ។
ភាគីទាំង២ ក៏បានបញ្ជាក់ជាថ្មីផងដែរ អំពីការអនុវត្តនូវគំនិតផ្តួចផ្តើម ៥ចំណុច ដើម្បីស្តារសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា ហើយបានបង្ហាញការត្រៀមខ្លួនរបស់ប្រទេសទាំង២ ដើម្បីធ្វើការរួមចំណែកជាវិជ្ជមានរួមគ្នា សម្រាប់ការស្តារសន្តិភាព និងស្ថិរភាពឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់៕
