សម្រាប់កសិករឥណ្ឌា Kaka Dhoke ដែលបានដំាស្វាយអស់រយៈពេលជាង ២ទសវត្សរ៍មកហើយនោះ ឆ្នាំនេះ គឺជាលើកដំបូងហើយដែលលោកពិបាករកប្រាក់ចំណេញ ។
លោក Dhoke និយាយថា គ្មានភ្លៀង និងគ្មានជីកសិកម្ម បានធ្វើឲ្យខូចខាតដំណាំរបស់លោកអស់ ។ លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចម្ការរបស់លោកធ្លាប់តែប្រមូលផលបាន ៧-៨ពាន់កេស ជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះ ពួកយើងអាចប្រមូលផលបានត្រឹម ៦០០-៧០០កេសប៉ុណ្ណោះ ។
ចំណែកឯ អ្នកស្រី Komal Walke ដែលជាអ្នកដំាដំណាំស្វាយដែរនោះ និយាយថា អ្នកស្រីពិបាកឈានដល់តម្រូវការតាមអនឡាញខ្លាំងណាស់ ក្រោយដំណាំរបស់គាត់គ្មានផ្លែទាល់តែសោះ ក្នុងឆ្នាំនេះ ។
អ្នកស្រីបន្តថា បើសិនជាកសិកររូបណាមានស្តុកស្វាយ គាត់នឹងទិញពីពួកគេភ្លាម រួចចែកចាយដល់អតិថិជនរបស់គាត់ ។
អ្នកស្រី Walke និងលោក Dhoke រស់នៅក្នុងទីក្រុងតំបន់ឆ្នេរ Devgad ដែលល្បីខ្លាំងសម្រាប់ផ្លែស្វាយប៉ោម ។
យោងតាមការប៉ាន់ប្រមាណពីទីភ្នាក់ងារស្រាវជ្រាវ CRISIL បានឲ្យដឹងថា ឥណ្ឌាគឺជាប្រទេសផលិតផ្លែស្វាយធំបំផុតរបស់ពិភពលោក ជាមួយទិន្នផលយ៉ាងហោច ២៨លានតោន អំឡុងឆ្នាំ ២០២៤-២៥ ៕

