ប្រទេសបារាំង នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានបដិសេធការអំពាវនាវរបស់រុស្ស៊ីឲ្យជនជាតិបរទេស និងអ្នកការទូតចាកចេញពីរដ្ឋធានីគីវរបស់អ៊ុយក្រែន មុនពេលដែលអាចមានការវាយប្រហារថ្មី ដោយពណ៌នាអំពីចំណាត់ការនេះថា ជា «ការគំរាមកំហែង»។
អ្នកនាំពាក្យក្រសួងការបរទេស លោក Pascal Confavreux បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Franceinfo ថា «វាមិនអាចទៅរួចនោះទេ» ក្នុងការជម្លៀសបុគ្គលិកការទូតបារាំងចេញពីទីក្រុងគីវ។
លោកបាននិយាយថា ក្រសួងបានបញ្ជាក់ថា ខ្លួនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការគំរាមកំហែងនេះ ដោយមាន «ការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង» និង «ការទាក់ទងជាប្រចាំជាមួយពលរដ្ឋរបស់យើង» ដើម្បីធានាសុវត្ថិភាព និងព័ត៌មានរបស់ពួកគេ។ លោក Confavreux បានបន្តទៀតថា៖ «នេះគឺជាការគំរាមកំហែងថ្មីមួយពីទីក្រុងមូស្គូ។ យើងស៊ាំនឹងវាហើយ ប៉ុន្តែយើងមិនទទួលយកវាទេ»។

លោកបានបន្ថែមថា ចំណាត់ការនេះ «កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយសាររុស្ស៊ី ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងជាភាគីនៃជម្លោះ ត្រូវតែធានាការការពារជនស៊ីវិលអ៊ុយក្រែន និងស្ថានទូតបរទេស។ លោកបានសង្កត់ធ្ងន់ថា៖ «ប្រទេសនេះកំពុងព្យាយាមឲ្យមានលើកលែងទោសកំហុសណាមួយដែលអាចកើតឡើងនាពេលអនាគត ហើយនោះមិនអាចទទួលយកបានឡើយ»។ ហើយលោកក៏បានព្រមានផងដែរថា៖ «ការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជាឧក្រិដ្ឋកម្មសង្គ្រាម»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ រុស្ស៊ីបានជំរុញឲ្យប្រជាជននៅទីក្រុងគីវវ រួមទាំងអ្នកការទូត និងបុគ្គលិកនៃអង្គការអន្តរជាតិ ចាកចេញពីទីក្រុងនេះ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» មុនពេលមាននូវអ្វីដែលខ្លួនបញ្ជាក់ថា នឹងជា «ការវាយប្រហារជាប្រព័ន្ធ» លើទីកន្លែងដែលមានទំនាក់ទំនងជាមួយអគារឧស្សាហកម្មយោធារបស់អ៊ុយក្រែន៕


