នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា សហរដ្ឋអាមេរិកបានរំលោភលើបទឈប់បាញ់ ដោយបានវាយប្រហារក្នុងខេត្ត Hormozgan នៅភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់។
កាលពីថ្ងៃចន្ទ យោធាអាមេរិកបានធ្វើការវាយប្រហារ នៅភាគខាងត្បូងអ៊ីរ៉ង់ លើគោលដៅជាច្រើន ក្នុងនោះរួមមានទាំងទូកដែលព្យាយាមដាក់មីន និងទីតាំងបាញ់មីស៊ីល ដែលខ្លួនពិពណ៌នាថា ជាវិធានការការពារ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា សំឡេងផ្ទុះត្រូវបានគេឮ នៅក្នុងទីក្រុង Bandar Abbas ក្នុងខេត្តនេះ។
ហើយតាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកបានប្រព្រឹត្តការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើបទឈប់បាញ់ នៅក្នុងតំបន់ Hormozgan ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ។ ប្រទេសអ៊ីរ៉ង់ត្រូវឲ្យរបបអាមេរិកទទួលខុសត្រូវ ចំពោះផលវិបាកទាំងអស់ដែលបណ្តាលមកពីសកម្មភាពឈ្លានពាន និងមិនសមហេតុផលទាំងនេះ»។
គួរបញ្ជាក់ថា ការវាយប្រហារទាំងនេះបានកើតឡើង ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បាននិយាយថា មានវឌ្ឍនភាពមួយចំនួន ក្នុងដំណើរការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ «មិនទាន់កើតឡើងនោះទេ»៕