រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ថា លោកសង្ឃឹមថាភាគីនានាក្នុងជម្លោះនៅអ៊ីរ៉ង់ នៅតែអាចប្តេជ្ញាចិត្តក្នុងការបន្តបទឈប់បាញ់ និងបន្តជួបគ្នានៅពាក់កណ្តាលផ្លូវ។ អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានរំលោភលើបទឈប់បាញ់ បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើអ្វីដែលខ្លួនហៅថាជាការវាយប្រហារការពារនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ការចរចាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ជម្លោះអាច «ចំណាយពេលពីរបីថ្ងៃ»។

លោក Wang Yi បានប្រាប់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កបន្ទាប់ពីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥រូបថា «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធនៅតែអាចប្តេជ្ញាចិត្តក្នុងការបន្តបទឈប់បាញ់ និងបន្តជួបគ្នានៅពាក់កណ្តាលផ្លូវ ដូច្នេះសន្តិភាពអាចវិលត្រឡប់ទៅតំបន់មជ្ឈិមបូព៌ាវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន»។
លោក Wang បាននិយាយបន្ថែមថា «ដូចដែលយើងបាននិយាយ បញ្ហាដែលមានជាយូរមកហើយមិនអាចដោះស្រាយបានក្នុងពេលតែមួយយប់នោះទេ»។ «ទោះជាយ៉ាងណា រាល់ជំហានឆ្ពោះទៅមុខក្នុងការចរចា នាំមកនូវក្តីសង្ឃឹមកាន់តែច្រើនចំពោះសន្តិភាព »។
