ទីក្រុងមូស្គូ បាននិយាយថា ខ្លួនមានផែនការបន្តវាយប្រហារទីក្រុងគីវ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបញ្ជូនសារនេះទៅកាន់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ។

ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Lavrov បានផ្តួចផ្តើមការសន្ទនាតាមទូរស័ព្ទនេះដោយលោកបានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារទីតាំងស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី។ លោកក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ី នឹងបន្តកំណត់គោលដៅលើសហគ្រាសឧស្សាហកម្មការពារជាតិ និងមជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត នៅក្នុងទីក្រុងគីវ។

ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយដោយបាននិយាយថា ចំណាត់ការនេះគឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងទីក្រុង Luhansk គ្រប់គ្រងដោយរុស្ស៊ី។ សេចក្តីថ្លែងការណ៍ ក៏បានជំរុញឱ្យពលរដ្ឋ និងអ្នកការទូតបរទេសចាកចេញពីទីក្រុងគីវជាបន្ទាន់។
ប្រភពព័ត៌មានអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយបានសម្លាប់មនុស្សច្រើននាក់ និងរងរបួសជាង ៨០ នាក់នៅក្នុងទីក្រុងគីវ និងតំបន់ផ្សេងៗទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរិះគន់ខ្លាំងៗចំពោះរុស្ស៊ីសម្រាប់ការវាយប្រហារនេះ។ លោកបាននិយាយថា ទីក្រុងមូស្គូ បានប្រើប្រាស់មីស៊ីល Oreshnik ដ៏មានអានុភាពក្នុងការវាយប្រហារ។ មីស៊ីលបាលីស្ទីកថ្មីនេះត្រូវបានគេនិយាយថា មានល្បឿនលឿនជាងសំឡេង និងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។